សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥%
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ។
គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ ១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ,២. ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ , ៣. ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ ។
គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់ ៕
ដោយ ៖ វណ្ណលុក