សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកជំទាវ Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដែលបានផ្ញើសារលិខិតជូនពរសម្ដេច ដែលត្រូវបោះឆ្នោតក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា ។
យោងតាមសារលិខិតដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណ លោកជំទាវ ដោយស្មោះ ចំពោះលិខិតអបអរសាទរ និងសព្វ សាធុការពររបស់ លោកជំទាវ ជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥។
សម្ដេចតេជោ បានបន្តថា កម្ពុជា និងអ៊ូសបេគីស្ថាន មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ដោយផ្អែកលើការ គោរព និងការយោគយល់គ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរ ក្នុងឆ្នាំ១៩៩៥។
ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរសភារបស់យើង ដើម្បីជាប្រយោជន៍ ទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងពីរ ៕
ដោយ ៖ វណ្ណលុក