ជប៉ុនច្នៃផ្កាយរណបធ្វើពីឈើ ដំបូងគេ លើពិភពលោក

ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន បានច្នៃផ្កាយរណប ធ្វើពីឈើ ដំបូងគេក្នុងពិភពលោក ដែល គ្រោងនឹងត្រូវបាញ់បង្ហោះ តាមរយៈរ៉ុក្កែត SpaceX ចេញពីមជ្ឈមណ្ឌលអវកាសអាមេរិក Kennedy ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ ISS នៅខែកញ្ញា ខាងមុខនេះ។

ផ្កាយរណបឈើនេះត្រូវគេឲ្យឈ្មោះថា LignoSat ត្រូវបានច្នៃឡើង ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Kyoto ដោយសហការពីក្រុមហ៊ុនកែច្នៃឈើ ជប៉ុន Sumitomo Forestry ។ គំរូផ្កាយរណបនេះ មានរូបរាង ជាគូបតូច កម្ពស់១០សង់ទីម៉ែត្រ។

លោក Takao អវកាសយានិក និងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Kyoto បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា ក្នុងករណីជួបហេតុការណ៍ឆាបឆេះ នៅលើបរិយាកាស ផ្កាយរណបផលិតពីឈើ មិនប៉ះពាល់ដល់បរិស្ថាន ដូចផ្កាយរណបធ្វើពីលោហៈធាតុនោះទេ។

តាមគម្រោង អ្នកអភិវឌ្ឍន៍ផ្កាយរណប គ្រោងនឹងប្រគល់ LignoSat ឲ្យទីភ្នាក់ងាររុករកអវកាសជាតិជប៉ុន ហៅកាត់ JAXA នៅសប្តាហ៍ក្រោយ។ បន្ទាប់មក ផ្កាយរណបនេះនឹងត្រូវពិសោធន៍ សាកល្បងកម្លាំង និងភាពធន់របស់វា។

អ្នកនាំពាក្យក្រុមហ៊ុន Sumitomo បានប្រាប់ AFP កាលពីថ្ងៃពុធថា «ក្រុមអ្នកស្រាវជ្រាវត្រូវពិនិត្យមើលថា តើផ្កាយរណបឈើនេះ អាចទប់ទល់នឹងការប្រែប្រួលសីតុណ្ហភាពកម្រិតណា»។

កាលពីដើមខែមីនា រ៉ុក្កែតផ្ទុកផ្កាយរណបរបស់ជប៉ុន របស់ក្រុមហ៊ុន Space One បានផ្ទុះ បន្ទាប់ពីបានបាញ់បង្ហោះ ចេញពីស្ថានីយ នៅក្នុងខេត្ត Wakayama ភាគខាងលិច ប្រទេសជប៉ុន បានបន្តិច ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner