រូបព្រះពុទ្ធបដិមា ដែលខ្ពស់ជាងគេនៅតំបន់អាស៊ី នឹងក្លាយជាតំបន់ទេសចរវប្បធម៌ ដ៏សំខាន់មួយកន្លែងនៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ

ខេត្តកំពត៖ នៅថ្ងៃខាងមុខនេះយើងនឹងយកគោលដៅទេសចរណ៍វប្បធម៌ជាសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ពិសេសរូបព្រះពុទ្ធបដិមាដែលមានកម្ពស់ ខ្ពស់ជាងគេនៅ តំបន់អាស៊ី និងតំបន់តាំងសមាធិមួយចំនួនទៀតស្ថិតនៅលើ ឧទ្យាជាតិព្រះមុនីវង្សបូកគោ។នេះបើតាមការលើកឡើងពីសំណាក់ អ្នកឧញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល។

ការលើកឡើងពីសំណាក់អ្នកឧញ៉ាបណ្ឌិត សុខ គង់នេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងពេលក្លិបអ្នកកាសែតកម្ពុជាដឹកនាំមកបំពេញទស្សនកិច្ច”ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ”។

ក្រុមហ៊ុន សុខាអូតែល បានកំពុងសាងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ ដែលរហូតមកទល់នឹងពេលនេះ សម្រេចការសាងសង់បានប្រហែល ៣០ភាគរយហើយ។ ការសាងសង់រូបបដិមានេះបន្ទាប់ពីបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ព្រះពុទ្ធប្បដិមាដែលមានកម្ពស់រហូតដល់ ១០៨ម៉ែត្រ។

ទាក់ទិនក្នុងរឿងនេះដែរ លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនសុខាអូតែល បានលើកឡើងថា ក្រុមហ៊ុន បានផ្តល់ឱកាសសម្រាប់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាសម្រាប់អង្គធំ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធរូបអង្គតូចៗ ដើម្បីដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬឈ្មោះអ្នកមានគុណនៅខាងមុខបល្ល័ង្ក។

លោក បានបញ្ជាក់ប្រាប់ដែរថា រហូតមកទល់នឹងពេលនេះ មានសប្បុរសជន បានជាវព្រះពុទ្ធរូបតូចៗ សម្រាប់ដាក់តម្កល់លើជញ្ជាំងនៅក្នុងខឿន ប្រមាណជាង ១០០០អង្គហើយ ។

លោកថា កន្លែងសមាធិកន្លែងព្រះគម្រោងសាងសង់រូបព្រះពុទ្ធបដិមាស្ថិតនៅលើខ្នងភ្នំបូកគោដែលជាតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជាមានអាយុកាលជាងច្រើនពាន់ឆ្នាំមកនេះក៏មានតំបន់ទេសចរណ៍ជាច្រើនដែលធ្វើឱ្យអ្នកទេសចរណ៍មិនជិនណាយក្នុងទស្សនានៅលើភ្នំបូកគោ។តំបន់ភ្នំបូកគោនេះដែរក៏ជាកន្លែងនៃការទស្សនចម្រុះនៃសាសនាមកស្សនាផងដែរនាពេលខាងមុខ។

គួរបញ្ជាក់ថាព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ កាលពីខែមករា ឆ្នាំ ២០២៣ និងចំណាយពេលរយៈពេល ៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង ៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បែរព្រះភក្ត្រទៅទិសខាងកើត។ ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។

សូមជម្រាបថាគោលបំណងនៃការសាងសង់ ព្រះពុទ្ធបដិមាដ៏ធំនៅលើភ្នំបូកគោនេះ គឺដើម្បីជាទីសក្ការៈបូជា សម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាឧទ្ទិសនូវសេចក្តីសុខសេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ដល់ប្រជាពលរដ្ឋទាំងអស់៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner