ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមវេទិកាសាកលកំណែទម្រង់រដ្ឋបាល​សាធារណៈ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

ភ្នំពេញ៖ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ បានអញ្ជើញចូលរួមវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្តីពី« Transforming government for a livable planet» ដែលប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ (ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៤ ) នៅទីស្នាក់ការកណ្តាល​ធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

តាមរយៈវេទិកានេះ បានផ្តល់ឱកាសអោយថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយនានាដែលប្រទេសនីមួយៗបានឆ្លងកាត់ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងការស្តារទំនុកចិត្តលើរដ្ឋបាលសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានចែករំលែកពីស្ថានភាព និងបរិបទរួមនៃវិស័យមុខងារសាធារណៈនៅកម្ពុជា ដោយគូសបញ្ជាក់ពីការងារកែទម្រង់រដ្ឋសាធារណៈក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសលើការពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជូនដល់អង្គពិធី។

សូមជម្រាបជូនផងដែរថា វេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្តីពី« Transforming government for a livable planet» មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងកំណែទម្រង់នៃបណ្តាប្រទេសនានា អ្នកជំនាញពីគ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបចំនួនជាង ២៥០ នាក់។ ក្រៅពីការចូលរួមវេទិកានេះផងដែរ ប្រតិភូក្រសួងមុខងារសាធារណៈ នឹងបន្តជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំធនាគារពិភពលោក ដើម្បីពិភាក្សាពីកិច្ចសហការនានាដែលបម្រើប្រយោជន៍ដល់ការជំរុញ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ ក្រសួងមុខងារសាធារណៈ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner