ភ្នំភ្លើងផ្ទុះឡើងម្តងទៀត នៅអ៊ីស្លង់

រ៉ៃក្យាវិក៖ ភ្នំភ្លើងថ្មីមួយបានផ្ទុះឡើង នៅលើឧបទ្វីប Reykjanes នៅភាគនិរតី នៃប្រទេសអ៊ីស្លង់ កាលពីថ្ងៃពុធ ដោយបានបញ្ចេញកម្អែលក្រហម ឡើងលើអាកាស ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបានជម្លៀសពលរដ្ឋ ចេញពីទីក្រុង Grindavik ដែលនៅជិតនោះ។

ការផ្ទុះនេះ បានកើតឡើង ជាលើកទី៥ ក្នុងរយៈពេលប្រាំមួយខែ នៅឧបទ្វីប Reykjanes។ ភ្នំភ្លើងធ្លាប់បានផ្ទុះ នៅលើឧបទ្វីបមួយនេះ នៅក្នុងខែវិចិ្ឆកា ខែធ្នូ ខែមករា ខែកុម្ភៈ និងខែមីនា។ កាលពីផ្ទុះ នាខែវិច្ឆិកា មនុស្សជាង៤ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយមានការលេបត្របាក់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនទៀតផង។

ពីរម៉ោងបន្ទាប់ពីការចាប់ផ្តើមនៃការផ្ទុះ ចុងក្រោយបំផុតនេះ កម្អែលបានហូរមកដល់ទីតាំង មានចម្ងាយតិចជាងមួយគីឡូម៉ែត្រ ពីរបាំងការពារភូមិនេសាទ Grindavik។ ក៏ប៉ុន្តែនាយកដ្ឋានការពារជនស៊ីវិល និងគ្រប់គ្រងគ្រោះអាសន្នបាននិយាយ នៅលើទំព័រ Facebook ថា អ្នកស្រុកមួយចំនួនបានបដិសេធមិនព្រមចាកចេញ ទោះបីជាមានការណែនាំពីក្រុមឆ្លើយតប ឱ្យចាកចេញ ក៏ដោយ។

អ្នកស្រី ម៉ៃយ៉ា បេហ្គាច (Maia Biegatch) ជាអ្នកទេសចរជនជាតិបារាំង អាយុ ២៨ ឆ្នាំ ដែលទើបតែទៅដល់តំបន់ដែលមានការផ្ទុះ បានប្រាប់ AFP ថា «យើងបានទទួលការជូនដំណឹងប្រាប់ឲ្យ ជម្លៀស!, ជម្លៀសចេញ! ដូច្នេះ យើងបានត្រឡប់មកវិញ»។

ប្រទេស អ៊ីស្លង់ គឺជាផ្ទះនៃប្រព័ន្ធភ្នំភ្លើង ដែលមានផ្ទុះញឹកញាប់ ពោលគឺមានភ្នំភ្លើង រហូតដល់ទី ៣៣ កន្លែង ជាចំនួន ច្រើនជាងគេ នៅអឺរ៉ុប៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner