សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់គ្រប់ គ្រងក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុប ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិ សាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។

ឯកឧត្តមបន្តថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹងពុទ្ធិ និងបញ្ញា រួមមាន៖ ការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ , មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក , មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ , កសិណទឹកព័ទ្ធជុំវិញបូជនីយដ្ឋានវិបស្សនាផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងទៀតថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧,៦៦២ដុល្លារ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន ៥,៥១១,៤១៤ដុល្លារ។ ចាប់តាំងពីផ្តើមការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មកដល់ពែលនេះ ថវិកាដែលបានចំណាយមានចំនួន ៩លាន ៦១ម៉ឺន ៧ពាន់ ៦៥៣ដុល្លារ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner