នាយកប្រតិបត្តិ OpenAI គ្រោងបរិច្ចាគទ្រព្យភាគច្រើនសម្រាប់សប្បុរសធម៌

នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI លោក Sam Altman បានក្លាយជាមហាសេដ្ឋីចុងក្រោយបំផុត ដែលបានចុះហត្ថលេខា បរិច្ចាគទ្រព្យសម្បត្តិ ជាមួយនឹងអង្គការសប្បុរសធម៌ Giving Pledge។ លោក Altman សន្យាថា នឹងបរិច្ចាគភាគច្រើន នៃទ្រព្យសម្បត្តិសរុប ប្រមាណ២ពាន់លានដុល្លារអាមេរិក របស់ខ្លួន។

លោក Altman បាននិយាយ កាលពីថ្ងៃអង្គារថា លោកកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង លើកិច្ចការសប្បុរសធម៌ និងការលះបង់ ដើម្បីកែលម្អពិភពលោក ដោយលោកចាត់ទុកថា នេះគឺជាភាពវៃឆ្លាត។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុប ជាង២ពាន់លានដុល្លារ របស់លោក Altman បានមកពីការវិនិយោគ លើការចាប់ផ្តើមអាជីវកម្ម ឬ Start Up រួមទាំង ការវិនិយោគដ៏ច្រើន នៅក្នុងវេទិកាសង្គម Reddit ។ លោកគឺជា CEO របស់ OpenAI ប៉ុន្តែ លោកអះអាងថា លោកគ្មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដែលឈានមុខ នៃបញ្ញាសិប្បនិម្មិត ឬ AI មួយនេះ នោះទេ។

អង្គការ Giving Pledge បានចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ ២០១០ ដែលរួមគ្នាបង្កើតឡើង ដោយលោកមហាសេដ្ឋី Warren Buffett និងអតីតភរិយា ព្រមទាំង លោកមហាសេដ្ឋីបច្ចេកវិទ្យា Bill Gates និងអតីតភរិយា ដើម្បីលើកទឹកចិត្តដល់មហាសេដ្ឋី នៅលើពិភពលោក បរិច្ចាគ យ៉ាងហោចណាស់ ពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់ពួកគេ ទៅឱ្យអង្គការសប្បុរសធម៌ ប្រកបដោយឆន្ទៈ។

បច្ចុប្បន្ននេះ មានគូស្វាមី ភរិយា ព្រមទាំង បុគ្គល មានទ្រព្យច្រើន មកពី ៣០ប្រទេស ដែលបានចុះហត្ថលេខា បរិច្ចាគ ជាមួយអង្គការ Giving Pledge៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner