សម្ដេចធិបតី៖យុវវ័យទាំងអស់ត្រូវក្លាហាន​ចូលរួម​សកម្មភាពសង្គម

កំពង់ស្ពឺ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជាបាន ផ្ដាំយុវវ័យទាំងអស់ត្រូវក្លាហា​នចូលរួម​សកម្មភាពសង្គ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍជាតិ​ឱ្យ​កាន់តែប្រសើរ។ពោលសូមកុំប្រកួតប្រជែងរឿងកាប់ ហើយ​កុំក្លាហានជា​មួយអំពើខុសច្បាប់ ។

សម្ដេចធិបតីបន្តថា ក្មួយៗយុវជនត្រូវប្រកួតប្រជែងគ្នារឿង​ការងារសង្គម កុំប្រកួតប្រជែងគ្នារឿងកាប់ដាវ ។សម្ដេចបន្ថែម​ថា​ម្សិលមិញសម្ដេចបញ្ជា​ឱ្យចៅហ្វាយខេត្តតាកែវ រកឱ្យឃើញ​ក្រុមកាប់ដាវ នៅត្រាំកក់ឥលូវរកបាន២-៣នាក់ហើយ តាមរក​ឱ្យឃើញ ។

សម្ដេចធិបតី បានបន្តថា កន្លែងមួយចំនួនលួចលក់ដាវសាម៉ូរ៉ៃ ដែលជាសម្ភារៈក្មេងទំនើងប្រើប្រាស់ ដើម្បីធ្វើសកម្មភាព ខណៈ​ការលក់នូវសម្ភារៈនេះ មិនមានតម្រូវការចាំបាច់ឡើយ ខុសពីសម្ភារៈមួយចំនួន ដែលបម្រើឱ្យការងារកសិកម្ម។ សម្ដេចថា ជាការពិត អាវុធមិនអាចសម្លាប់មនុស្សបានទេ ។មនុស្សទេ ដែលប្រើប្រាស់អាវុធខុសទិសដៅ ។

សម្ដេចធិបតី ក៏បានណែនាំឱ្យខិតខំប្រឹងប្រែងបណ្ដុះឆន្ទៈ និងការអប់រំ ដល់យុវជន យុវតី ដែលជាវ័យមួយកំពុងចង់ឃើញ ,ចង់​សាក​នូវអ្វីដែលប្លែកៗ ដូច្នេះមិនអាចបណ្ដែតបណ្ដោយ បានឡើយ ត្រូវតែតម្រង់ទិស ដើម្បីរក្សានូវធនធានមនុស្ស និងរក្សាសន្ដិ​សុខ​សណ្ដាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។

សម្ដេចធិបតី ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័ន​តុលាការ មានវិធានការលើការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ។

គួររំលឹកថា កាលពីសប្ដាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបតែបានណែនាំដល់អភិបាលរាជធានី-ខេត្តទាំង​អស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់​វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល​និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់​សាធារណៈ និងសន្តិសុខសង្គម ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​ឆ្លងព្រះធម្ម​ចេតិយទី១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើ​ថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង​ ៩ ខ្សែ , បូជនីយដ្ឋាន​សមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុង​មជ្ឈមណ្ឌល​វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិ​ព្រះសុរាម្រិត​កុសុមៈ​គិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ៕


អត្ថបទ៖វណ្ណលុក
រូបភាព៖វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner