កូឡុំប៊ីនឹងបញ្ឈប់កីឡាចាក់គោចាប់ពីឆ្នាំ ២០២៧

បូហ្គាតា៖ រដ្ឋសភាកូឡុំប៊ី កាលពីថ្ងៃអង្គារ បានអនុម័តច្បាប់មួយ ដែលនឹងបញ្ឈប់កីឡាចាក់គោ ដែលជាកីឡាប្រៃណីជាតិដ៏ពេញនិយមនៅក្នុងប្រទេសអាមេរិកខាងត្បូង និងជាព្រឹត្តិការណ៍ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

យោងតាមលទ្ធផលបោះឆ្នោតនៅរដ្ឋសភាកូឡុំប៊ី សេចក្ដីព្រាងច្បាប់នេះទទួលបាន៩៣សំឡេងគាំទ្រទល់នឹង២សំឡេងជំទាស់។ ដូច្នេះ កីឡាចាក់គោនឹងត្រូវហាមឃាត់លែងឱ្យមាននៅលើទឹកដីកូឡុំប៊ីចាប់ពីឆ្នាំ ២០២៧តទៅ។ ដើម្បីអាចឱ្យច្បាប់នេះចូលជាធរមានបាន ទាមទារការចុះហត្ថលេខាដោយប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro។ ប៉ុន្តែប្រធានាធិបតីឆ្វេងនិយមរូបនេះ ក៏បានប្រកាសគាំទ្រការអនុម័តនេះយ៉ាងពេញទំហឹងផងដែរ ហើយបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា “ការសម្លាប់មិនមែនជាទស្សនីយភាពទេ”។

ហើយច្បាប់នេះដែរ គឺជាចំណុចកំពូលនៃយុទ្ធនាការបញ្ចេញសំឡេងរបស់សកម្មជនការពារសិទ្ធិសត្វ ដែលបានអះអាងជាយូរមកហើយថា កីឡានេះជាអំពើឃោរឃៅ។ ច្បាប់នេះក៏មិនខុសពីច្បាប់នៅប្រទេសដទៃទៀត នៃតំបន់អាមេរិកខាងត្បូងនោះដែរ។ ប្រទេសទាំងនោះបានចាប់ផ្ដើមហាមឃាត់កីឡាចាក់គោនេះ ក្នុងនោះមានដូចជាប្រេស៊ីល, ឈីលី, អាហ្សង់ទីន, អ៊ុយរូហ្គាយ និងហ្កាតេម៉ាឡា។ មុននឹងច្បាប់នេះចូលជាធរមាន អាជ្ញាធរកូឡុំប៊ីត្រូវជួយសម្រួលអ្នកដែលកំពុងទទួលបានផលប្រយោជន៍ពីកីឡាប្រភេទនេះ រហូតដល់រាប់ម៉ឺននាក់ ដើម្បីឱ្យពួកគាត់ងាកទៅចាប់យកមុខរបរផ្សេងវិញ។

ទីលានដែលគេធ្លាប់ប្រើប្រាស់សម្រាប់រៀបចំកីឡាចាក់គោ នឹងត្រូវប្រែក្លាយទៅជាទីកន្លែងរៀបចំកម្មវិធីប្រកួតកីឡាអ្វីផ្សេង ឬផ្លាស់ប្តូរទៅជាកម្មវិធីវប្បធម៌វិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ តុលាការធម្មនុញ្ញកូឡុំប៊ីទទួលស្គាល់ថា កីឡាចាក់គោជាផ្នែកមួយនៃពិធីបុណ្យប្រពៃណីជាតិ។ បច្ចុប្បន្នមានតែប្រទេសចំនួន ៨ ប៉ុណ្ណោះនៅទូទាំងពិភពលោក ក្នុងនោះរួមទាំងកូឡុំប៊ី, អេក្វាឌ័រ, បារាំង, ម៉ិកស៊ិក, ប៉េរូ, ព័រទុយហ្កាល់, អេស្ប៉ាញ និងវេណេហ្ស៊ូអេឡា ដែលនៅតែរៀបចំកីឡាចាក់គោ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner