VinFast ពិចារណាពន្យារពេលសាងសង់រោងចក្រតម្លៃ ៤ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

ហាណូយ៖ ក្រុមហ៊ុន VinFast កាលពីថ្ងៃពុធត្រូវបានគេរាយការណ៍ថា កំពុងពិចារណាពន្យារពេលបន្ថែមទៀត សម្រាប់គម្រោងសាងសង់រោងចក្រតម្លៃ ៤ពាន់លានដុល្លារនៅរដ្ឋ North Carolina ខណៈដែលឡានអគ្គិសនីរបស់ក្រុមហ៊ុននេះ ហាក់មិនទទួលបានការគាំទ្រពីសំណាក់អតិថិជននៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសកាលពីឆ្នាំ ២០២២ ថា ខ្លួននឹងសាងសង់រោងចក្រផលិតឡានអគ្គិសនី និងអាគុយនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតឡានប្រចាំឆ្នាំដល់ ១៥០,០០០គ្រឿង។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានអះអាងដែរថា រោងចក្រនេះនឹងបង្កើតការងារដល់បុគ្គលិកជាង ៧,០០០នាក់។ ប្រភពដែលជិតស្និទ្ធនឹងក្រុមហ៊ុន VinFast បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់វៀតណាមនេះ គ្រោងនឹងបញ្ចប់ដំណើរការសាងសង់រោងចក្រនៅខែកក្កដា ឆ្នាំ ២០២៤ ប៉ុន្តែក្រោយមកបានពន្យារពេលរហូតដល់ឆ្នាំ ២០២៥។

ក្រុមហ៊ុន VinFast ដែលបានលក់ឡានតិចជាង ១,០០០គ្រឿងនៅអាមេរិកខាងជើងកាលពីឆ្នាំមុន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាព នៃដំណើរការសាងសង់សម្រាប់រោងចក្រនៅរដ្ឋ North Carolina របស់យើង។
គួរបញ្ជាក់ថា ក្រុមហ៊ុន VinFast បានលក់ឡានជាង ៣៥,០០០គ្រឿងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០២៣ ដែលភាគច្រើននៅក្នុងទីផ្សារក្នុងស្រុក។ រោងចក្រនៅភាគខាងជើងប្រទេសវៀតណាមរបស់ VinFast មានសមត្ថភាពផលិតឡានប្រចាំឆ្នាំរហូតដល់ ៣០០,០០០គ្រឿង។

ឡានរបស់ VinFast ភាគច្រើនដែលលក់ក្នុងស្រុក ក៏ត្រូវបានលក់ទៅឱ្យតំណាងចែកចាយផងដែរ។ ការខាតបង់សុទ្ធរបស់ VinFast កាលពីឆ្នាំមុន បានកើនឡើង ១៥ភាគរយ ដល់ ២.៤ពាន់លានដុល្លារ។ ទោះបីជាតម្រូវការសកលលោកចុះខ្សោយសម្រាប់ឡានអគ្គិសនី និងសង្គ្រាមតម្លៃក៏ដោយ VinFast បានអះអាងថា មិនមានការផ្លាស់ប្តូរចំពោះគោលដៅរបស់ខ្លួន ក្នុងការលក់ឡានចំនួន ១០០,០០០គ្រឿងនៅឆ្នាំ២០២៤នេះទេ ដែលចំនួននេះកើនឡើងទ្វេដង ធៀបនឹងគោលដៅនៅឆ្នាំមុន ខណៈដែល VinFast ក៏កំពុងពង្រីកខ្លួននៅក្រៅប្រទេស៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner