ចិនដកបម្រាមហាមនាំចូលសាច់គោពីអូស្រ្តាលី

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ប្រទេសចិនបានដកបម្រាមលើការនាំចូលពីរោងចក្រកែច្នៃសាច់គោអូស្ត្រាលីធំៗចំនួន៥ ដែលនេះជាសញ្ញាចុងក្រោយ បង្ហាញពីការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ចាប់ពីពេលនេះ ប្រទេសចិននឹងលុបចោលការរឹតបន្តឹងការនាំចូលពីរោងចក្រកែច្នៃសាច់គោអូស្ត្រាលីធំៗចំនួន៥ ប៉ុន្តែរោងចក្រចំនួន២ទៀតនៅតែស្ថិតក្រោមការហាមឃាត់ការនាំចូល។

រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបាននិយាយថា ការលុបចោលការហាមប្រាមរបស់ប្រទេសចិន លើការនាំចេញសាច់គោអូស្ត្រាលី គឺជារបកគំហើញចុងក្រោយបំផុតសម្រាប់អ្នកនាំចេញ ដែលឥឡូវនេះមានតម្លៃជាង ១១.៥ពាន់លានដុល្លារបន្ទាប់ពីបញ្ចប់ទណ្ឌកម្មពាណិជ្ជកម្ម។

ប្រទេសចិនគឺជាទីផ្សារនាំចេញសាច់គោធំជាងគេទីពីររបស់អូស្ត្រាលីកាលពីឆ្នាំមុន ជាមួយនឹងចំនួន ២៤០,០០០តោន មានតម្លៃប្រហែល ១.៦ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី។

ប្រទេសចិនបានដាក់បំរាមនៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ស្របពេលដែលទីក្រុងប៉េកាំងបានរារាំងការនាំចូលទំនិញមួយចំនួន រួមមានធ្យូងថ្ម ឈើ និងស្រាពីប្រទេសអូស្ត្រាលី បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃជំងឺ COVID-19។

ប៉ុន្តែទីក្រុងប៉េកាំងបានដករបាំងពាណិជ្ជកម្មភាគច្រើនដែលខ្លួនដាក់លើទំនិញអូស្ត្រាលី ចាប់តាំងពីការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងកង់បេរ៉ាកាលពីពីរឆ្នាំមុន។ ទោះបីជាយ៉ាងណា ការហាមប្រាមនាំចូលបង្កងអូស្ត្រាលីចូលទីផ្សារចិននៅតែបន្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner