អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធចំពោះការផ្សាយរបស់វិទ្យុ អាស៊ីសេរី ដែលថា គ្រួសារសម្តេចក្រឡាហោម ស ខេង កំពុងគ្រប់គ្រងក្រសួងមហាផ្ទៃតាមបែបគ្រួសារនិយម

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបដិសេធ និងច្រានចោលចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានលើកឡើងថា គ្រួសារសម្តេចក្រឡាហោម ស ខេង កំពុងគ្រប់គ្រងក្រសួងមហាផ្ទៃតាមបែបគ្រួសារនិយម គឺជាការលើកឡើងដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ។ ពោលគឺមិនបានគិតអំពីកត្តារួមផ្សំឱ្យបានគ្រប់ជ្រុងគ្រប់ជ្រោយនោះទេ គ្រាន់តែជាសំដីដោយអារម្មណ៍មួយឆ្លៀតយកចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា វាជាទម្លាប់របស់អ្នកវិភាគដែលមិនស្ថិតនៅក្នុងក្របខណ្ឌនៃការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នរបស់សមត្ថកិច្ច របស់អាជ្ញាធរ របស់រាជរដ្ឋាភិបាលតែប៉ុណ្ណឹងឯង។ “ពួកគេមិនមែនទើបតែបានតួនាទីហើយមានក្របខណ្ឌនៅពេលដែលឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ទទួលបានតំណែងជាឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេ។ ពួកគេមានក្របខណ្ឌជានគរបាលក្តី ជារដ្ឋបាលស៊ីវិលក្កី មានតួនាទីតាំងពីមុនឯកឧត្តម ស សុខា ចូលមកដឹកនាំក្រសួងមហាផ្ទៃមកម្ល៉េះ។ អ៊ីចឹងមានន័យថា ជាអ្វីដែលគេចូលចិត្តចំណង់ចំណូលចិត្ត និងឆន្ទៈរបស់គេតាំងពីដើមទីមក។ បើយើងយកទាំងអស់នេះ មករារាំងទៅដល់និស្ស័យរបស់មនុស្សចំណូលចិត្តរបស់មនុស្ស ឆន្ទៈរបស់មនុស្ស គឺហៅថាជាការបង្អាក់បន្ទុចទៅដល់ការវិឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍរបស់សង្គមមួយ។ សំខាន់លទ្ធផលបច្ចុប្បន្នឃើញថា មានការកែទម្រង់ ដែលមហាជនក៏ដូចជាអន្តរជាតិ គឺចាប់អារម្មណ៍មកលើការដឹកនាំរបស់ឯកឧត្តម អភីសន្តិបណ្ឌិត ស សុខា”។

អ្នកនាំពាក្យរងរូបនេះបានបន្តថា ប្រសិទ្ធភាពការងាររបស់ក្រសួងមហាផ្ទៃបច្ចុប្បន្ន គឺកំពុងតែមានគុណតម្លៃ ឬក៏គុណផល ដែលថ្នាក់ដឹកនាំក្រសួងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម កំពុងតែរួមគ្នានៅក្នុងការកែទម្រង់ ពង្រឹងប្រសិទ្ធភាពការងារ អនុវត្តតាមតួនាទីភារកិច្ចបម្រើដល់ប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព សុវត្ថិភាពសង្គម។ លោកបានលើកឡើងថា រឿងប្រសិទ្ធភាពការងារ រឿងអំពើពុករលួយ គិតតែពីប្រយោជន៍នេះ វាមិនមែនសុទ្ធតែកើតចេញពីទំនាក់ទំនងញាតិនោះទេ។ មិនមានទំនាក់ទំនងញាតិអីជាមួយគ្នាផង បើសិនជាមានគំនិតគិតតែពីផលប្រយោជន៍ មិនគិតដល់អង្គភាពមិនគិតដល់ជាតិ ក៏នៅតែអាចប្រព្រឹត្តអំពើពុករលួយបានដដែលទេ។ កុំយកទំនាក់ទំនងនេះ មកវាយតម្លៃថា ការងារគ្មានប្រសិទ្ធភាពបង្កើតទៅជាប្រព័ន្ធអំពើពុករលួយ គឺអត់ទេ៕
ដោយ៖ពលជ័យ

ads banner