សម្តេចធិបតីទទួលជួបស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (Video Inside)

ស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao បានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅថ្ងៃទី៣០ឧសភា។

លោក Manny Pacquiao អាយុ៤៥ឆ្នាំ គឺជាអ្នកប្រដាល់អាជីពម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ី គេបានចាត់ទុកលោកជាស្តេចប្រដាល់ដ៏ល្បីល្បាញមួយ ប៉ុន្តែភាពដ៏អស្ចារ្យ នៃកីឡាករកម្ពុជា នៃក្បាច់ប្រដាល់គុនខ្មែរ បានទាក់ទាញអារម្មណ៍របស់លោក ចំពោះប្រទេសកម្ពុជាជាខ្លាំង។

ដំណើររបស់លោក Manny Pacquiao គឺមកចូលរួមទស្សនាព្រឹត្តិការណ៍សង្វៀនហនុមាន គុនខ្មែរ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរូបភាពបង្ហោះការចាប់ដៃជាមួយនឹងលោក Manny Pacquiao បានសរសេរថា «ស្វាគមន៍លោក ម៉ានី ប៉ាគីអាវ មកកាន់ប្រទេសកម្ពុជា»។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានថ្លែងបង្ហាញនូវក្តីរំភើបរីករាយ និងចាត់ទុកថា ដំណើរចូលរួមទស្សនារបស់ស្តេចប្រដាល់ហ្វីលីពីននេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលនឹងជំរុញវិសាលភាព «គុនខ្មែរ» កាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។

ads banner