ស្នងការនគរបាលខេត្ត ប្រាប់អធិការក្រុងប៉ោយប៉ែត​ឱ្យយក​ចិត្តទុកដាក់លើការងារបណ្ដាញសង្គម

បន្ទាយមានជ័យ៖ឧត្តមសេនីយ៍ទោ សិទ្ធិ៍ ឡោះ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរំលឹកដល់អធិការដ្ឋានក្រុងប៉ោយប៉ែតដែលទើបទទួល​តំណែង​ឱ្យ​យក​ចិត្តទុកដាក់លើការងារបណ្ដាញទំនាក់ទំនងសង្គម ដោយ​ហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិតខ្លះបានបំពុល​សង្គម។

កាលពីថ្ងៃទី៣០ ខែឧសភា លោកវីរសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អតីតអធិការរង​ត្រូវបានប្រកាសតែងតាំងជាអធិការ​ក្រុង​ប៉ោយប៉ែត​ជំនួសអធិការចាស់គឺលោក សៅ សារឿន ដែលទទួលអនិច្ចកម្ម ។ឧត្តមសេនីយ៍ទោ សិទ្ធិ៍ ឡោះ បានបញ្ជាក់ទៅកាន់លោក ព្រហ្ម ពិសិទ្ធ ថា ដោយសារការ​រីកចម្រើនខ្លាំងនៃឌីជីថល ឬបច្ចេកវិទ្យាទំនើប​ខ្ពស់លើកការ​ផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនានាដូចជា ហ្វេសប៊ុក តិកតុក យូធូប ជាដើម ហើយរាល់ដំណឹង ឬពត៌មានត្រូវបាន​ផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។បើជាព័ត៌មានពិតគឺល្អ។ ​ផ្ទុយមកវិញបើជាពត៌មានគ្មានការពិតនាំឱ្យបំពុលសង្គម ។ដូច្នេះត្រូវធ្វើការងារដោយបុរេសកម្ម ឬបន្សាបពត៌មានក្លែង​ក្លាយ​ទាំង​នោះឱ្យបានទាន់ពេល ។ត្រូវអង្កេតស្រាវជ្រាវដើម្បី​ចាត់វិធានការជំនាញ និងវិធានការច្បាប់ដើម្បីថែរក្សា​សណ្ដាប់ធ្នាប់​​សន្តិសុខ​សង្គមជាតិ ។

ទន្ទឹមនេះលោកស្នងការក៏បានក្រើនរំលឹកដល់អធិការដ្ឋាន និងកម្លាំង នគរបាលទូទាំងខេត្តបន្តពង្រឹង​ការងារសណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ពិសេសបង្រ្កាបពួកក្មេងទំនើង៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner