សម្តេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន ចំនួន ២.៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន សរុបចំនួន ២.៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ហើយដែលនេះជាការជួបសំណេះសំណាលជាលើកទី៥ ក្រោយពីអាក់ខាន ចំនួន ៤ឆ្នាំ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, អ្នកនាង កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងបាងកក និងមានវត្តមានឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនរបស់កាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមផងដែរ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនកម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ។ ថ្វីត្បិតតែព្រះអង្គទាំងទ្វេ មិនបានយាងមកដោយផ្ទាល់ ប៉ុន្តែព្រះអង្គទាំងទ្វេ តែងតែគិតពីសុខទុក្ខរបស់ប្រជានុរាស្ត្រ គ្រប់ពេលវេលាគ្រប់ទីកន្លែង តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គទាំងទ្វេ។

សូមបញ្ជាក់ថា អំណោយរបស់កាកបាទក្រហមកម្ពុជា ជួយសម្រាលជីវភាពរបស់ បង/ប្អូន កម្មករ/កម្មការិនី ចំនួន ២,៣៥៥នាក់ មកពី៖ មន្ទីរសាធារណការ ចំនួន ៤៤៨នាក់, ក្រុមហ៊ុន ៨០០ស៊ូភើ ចំនួន ៦៨១នាក់, ក្រុមហ៊ុន មីហ៊្សូដា ចំនួន ៦៧៩នាក់ និងក្រុមហ៊ុន ស៊ីនទ្រី ចំនួន ៥៤៧នាក់។ ក្នុងនេះ អ្នកមកទទួលផ្ទាល់ មានចំនួន ១.៨៩៥នាក់ ចំណែកអ្នកជាប់ភារកិច្ច ចំនួន ៤៦០នាក់ទៀត នឹងប្រគល់ជូនទៅតាមក្រុមហ៊ុននីមួយៗ។ អំណោយដែលម្នាក់ៗទទួលបានរួមមាន៖ អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ (១យួរ=៦ដប), ទឹកត្រី ១ យួរ (១យួរ=៦ដប), ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), ប្រេងឆា ១ដប (១.៩លីត្រ), ទឹកបរិសុទ្ធអរុណា ១ដប (១.៥លីត្រ), ភេសជ្ជៈប៉ូការីស្វេត ១ យួរ (៦ដប), និងថវិកា ៥ម៉ឺនរៀល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner