អនុប្រធានអចិន្ត្រៃយ៍បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍

កំពង់ធំៈកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានសំណេះសំណាល និងប្រគល់ភារកិច្ចមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបន្តចេញដំណើរក្នុងបេសកកម្ម ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ កងកម្លាំងទាំងបី រួមជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធត្រូវចូលរួមការពារគ្រប់គ្រងនិងបង្ក្រាបឲ្យបាននូវរាល់បទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ដោយមិនទុកឲ្យជនខិលខូចមួយចំនួនបន្តលបលួចទន្ទ្រានកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិបានជាដាច់ខាត។

នៅក្នុងពិធីសំណេះសំណាល និងប្រគល់ភារកិច្ចនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់នូវគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបន្តចេញទៅបំពេញបេសកកម្ម នៅពេលនេះផងដែរ៕
ដោយៈប៊ុន រដ្ឋា

ads banner