សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើសារលិខិតអបអរទិវាកុមារ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវ ៩ចំណុច ក្នុងសារលិខិតមួយ អបអរខួបលើកទី៧៥ ទិវាអន្តរជាតិ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤។

ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនាឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ចំណែកទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា បានស្ថិតក្រោមប្រធានបទ «រូមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទំរង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ»។

សម្តេចធិបតីក្នុងសារលិខិតអបអរទិវាកុមារពាក់ព័ន្ធនឹងប្រធានបទក្នុងឆ្នាំ២០២៤នេះ បានសរសេរថា «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់ ការប្រើប្រាស់ទំរង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងការងារដោយបង្ខំ តាមរយៈការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ និងពង្រឹងយន្តការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំ ជាពិសេសលើវិស័យមុខរបរ និងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់»។

សម្តេចធិបតីក្នុងចំណុចអំពាវនាវនៃខ្លឹមសារទី២បានសរសេរថា «ក្រសួងស្ថាប័នគ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈការទូន្មានប្រៀនប្រដៅ បែបវិជ្ជមាន ចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពាន លើកុមារគ្រប់រូបភាព ទាំង Off-line និង On-line ឱ្យបានសមស្រប និងទាន់ពេលវេលា»។

ads banner