ព្រឹទ្ធសភាកម្ពុជាបង្កើតមិត្តភាពព្រឹទ្ធសភា-រដ្ឋសភា ជាមួយប្រទេសចំនួន១១ (Video Inside)

ព្រឹទ្ធសភាកម្ពុជាបានសម្រេចបង្កើតមិត្តភាពព្រឹទ្ធសភា-រដ្ឋសភា ជាមួយប្រទេសចំនួន១១។ ការបង្កើតនេះ បានធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែឧសភា។

មិត្តភាពដែលបង្កើតជាមួយនឹងប្រទេសទាំង១១នោះ រួមមាន ព្រឹទ្ធសភា នៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាប្រទេសតួកគី, ព្រឹទ្ធសភា នៃប្រទេសថៃ, រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី ព្រុចសែល នៃប្រទេសប៊ែលហ្ស៊ិក។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដដែលនៅបានបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន សភាប្រើភាសាបារាំង, សហភាពអន្តរសភា, វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក, សភាតំបន់អាស៊ី និងបណ្តាញសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅបានបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជាសម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភា ក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមានអន្តរសភាអាស៊ាន, កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព៕

ads banner