រថភ្លើងបុកស្ត្រីធ្វើដំណើរឆ្លងកាត់ម្នាក់នៅខេត្តព្រះសីហនុ (Video Inside)

រថភ្លើងនៃក្រុមហ៊ុន ROYAL RAILWAY បានបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវដែកបណ្តាលឱ្យរងរបួសដៃ និងក្បាលធ្ងន់ធ្ងរ។ នេះជាគ្រោះថ្នាក់ថ្មីមួយទៀតកើតឡើងវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី៣០ឧសភា គ្រាដែលកង្វល់នៃគ្រោះថ្នាក់តាមផ្លូវរថភ្លើង នៅតែកើតមានគួរឱ្យសម្គាល់។

សមត្ថកិច្ចបានថ្លែងថា ស្រ្តីអាយុ ១៩ឆ្នាំឈ្មោះ ជា សុខុមបញ្ញា បានរងគ្រោះថ្នាក់ដោយសារដើរឆ្លងកាត់ដោយគ្មានប្រុងប្រយ័ត្ន ខណៈរថភ្លើង នៃក្រុមហ៊ុន ROYAL RAILWAY បានធ្វើដំណើរមកដល់នៅចំណុចក្រោយផ្សារវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់លើស្ត្រីអាយុ១៩ឆ្នាំនោះ បានបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង និងរងការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ខណៈស្ត្រីនោះត្រូវបានបុកខ្ទាតប៉ះនឹងជញ្ជាំងផ្ទះមួយ នៅក្បែរនោះ។

គ្រោះថ្នាក់ចុងក្រោយនេះ បានកើតឡើងក្នុងពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងបង្កើនចំនួនរថភ្លើងជាច្រើនថែមទៀត ដែលបានទិញមកពីប្រទេសជប៉ុន ដើម្បីធ្វើចរាចរណ៍ផ្លូវដែកសម្រាប់ការដឹកជញ្ជូន។

ads banner