សម្តេចធិបតីអំពាវនាវសិល្បករលើកតម្កើងវិស័យវប្បធម៌ជាតិ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវសិល្បករត្រូវលើកតម្កើងវិស័យវប្បធម៌ជាតិ ដោយការចៀសវាងនូវទង្វើសម្តែងអសីលធម៌ ឬការសម្តែងណាដែលមានលក្ខណៈអុជអាល ញុះញង់ បំពុលសង្គម និងប្រកាន់ពូជសាសន៍។

ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ នារសៀលថ្ងៃសុក្រ ទី៣១ ឧសភា ក្នុងរាជធានីភ្នំពេញ។

ពិធីជួបជុំដែលមានមនុស្សចូលរួមប្រមាណជិត ៣ពាន់នាក់នេះ បានរៀបចំឡើង ក្រោមប្រធានបទ «អ្នកស្នងមរតក»។ សម្តេចធិបតីបានថ្លែងដាស់តឿនក្រុមសិល្បករ ត្រូវប្រព្រឹត្តនូវអ្វីដែលជាសីលធម៌ស្អាតស្អំរបស់ខ្មែរ។

សម្តេចធិបតី បានថ្លែងថា សិល្បករគ្រប់ទម្រង់ ត្រូវមានតួនាទីគន្លឹះ ក្នុងការចូលរួមថែរក្សាប្រពៃណី វប្បធម៌ សិល្បៈដ៏ផូរផង់ បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លារបស់ខ្មែរ ទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង និងសិល្បករ សិល្បការិនី រួមគ្នាថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។ សម្តេចបានថ្លែងអំពាវនាវការរៀបចំចងក្រងបង្កើតក្បាច់គុនខ្មែរ ដើម្បីកុំឱ្យបាត់បង់។

សម្តេចធិបតីបញ្ជាក់ថា ការថែរក្សាមរតកដូនតា មានតម្លៃធំធេងណាស់ គ្មានអ្វីអាចមកប្រៀបផ្ទឹមបានឡើយ។

ads banner