ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែមជិត ៨០លានដុល្លារ លើវិស័យអប់រំ (Video Inside)

ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩លាន ៥សែនដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព លើវិស័យអប់រំ ប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថាថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន ៦០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩លាន ៥សែនដុល្លារផ្សេងទៀត ពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។

ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា «ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺដើម្បីពង្រឹងថែមទៀត នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពក្រីក្រ ក្នុងការសិក្សា និងកសាងមូលធនមនុស្ស ដែលចាំបាច់សម្រាប់ការលូតលាស់ នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។

សេចក្តីប្រកាសព័ត៌មានដែលបានឱ្យដឹងទៀតថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីក
សកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀត នៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១ពាន់ និងសាលាមត្តេយ្យចំនួន ៩០។

ads banner