មន្ត្រីយោធាម្នាក់ដែលស្លាប់ដោយសារលិចទូកត្រូវប្រទះឃើញសាកសព (Video Inside)

សពមន្ត្រីយោធាការពារព្រំដែនម្នាក់ ដែលជួបគ្រោះថ្នាក់លិចទូក ក្នុងខេត្តស្ទឹងត្រែង ខណៈទៅបង់សំណាញ់ ត្រូវបានគេរកឃើញវិញ ក្រោយការបាត់ខ្លួនរយៈពេលបីថ្ងៃ។

ហេតុការណ៍លិចទូកនេះ បានកើតឡើង តាំងពីថ្ងៃទី២៩ឧសភា នៅចំណុចក្បែរស្ពានកោះទន្សាយ ដែលនៅទីនោះជាចំណុចខ្សែទឹកហូរខ្មួលខ្មាញ់។ ស្ពានកោះទន្សាយ មានទីតាំងស្ថិត ក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ មានមនុស្សបីនាក់ បាននាំគ្នាជិះទូកទៅ បង់សំណាញ់។ ខណៈដែលទូកបានរំកិលជិតដល់ស្ពានប្រហែល ២០ម៉ែត្រ ក៏ស្រាប់តែលិចទូកតែម្ដង។

មនុស្សពីរនាក់ត្រូវគេឃើញបានហែលទឹកឡើងគោករួចផុតពីសេចក្តីស្លាប់… ចំណែកម្នាក់ទៀតបានបាត់ខ្លួនជាមួយនឹងទូក ដែលលិចនោះ។

ជនរងគ្រោះដែលបានបាត់ខ្លួនឈ្មោះ នួន ម៉ានី មានឋានៈពលបាលឯក ជាមន្ត្រីយោធានៅវរការពារព្រំដែន១០១ មានភារកិច្ចឈរជើងការពារក្រវ៉ាត់ព្រំដែន ក្បែរស្ពានកោះទន្សាយ។

សពរបស់ជនរងគ្រោះត្រូវបានរកឃើញនូវវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី៣១ ឧសភា ២០២៤ នៅចំណុចក្រោមស្ពានកោះទន្សាយ ចម្ងាយប្រមាណ ៩០ម៉ែត្រ ពីកន្លែងលិចទូកនោះ។

ads banner