សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួបកម្មករក្រីក្រ ២ពាន់ ៣៥៥នាក់ ក្នុងរាជធានី (Video Inside)

កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២ពាន់ ៣៥៥នាក់ ដែលមានជីវភាពខ្វះខាត បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣១ឧសភា។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយដោយផ្ទាល់ ដល់កម្មករក្រីក្រទាំងឡាយនោះ ដែលជាពលរដ្ឋមានជីវភាពក្រខ្សត់… ខ្លះមានជម្រករស់នៅខ្លួនឯង ខ្លះរស់ក្រោមដំបូលផ្ទះគេ ឬខ្លះជួលផ្ទះគេជាដើម។

មន្ត្រីកាកបាទក្រហមបានថ្លែងចាត់ទុកកាយវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជា «មាតាមនុស្សប្រកបដោយព្រហ្មវិហារធម៌» ជាមួយការយកចិត្តទុក្ខដាក់ដល់ប្រជាជន ដោយមិនរើសអើង ជាពិសេសប្រជាជនដែលជួបទុក្ខលំបាក, រងភាពខ្វះខាត, ងាយរងគ្រោះ និងរងគ្រោះបំផុត។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋដែលរងការខ្វះខាតរួមមានម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង,ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី ១យួរ, ឃីត១កញ្ចប់រួមមានមុង១, ភួយ១, សារុង១ និងក្រមា១, ទឹកសុទ្ធចំណុះ១លីត្រកន្លះ ១ដប ភេសជ្ជៈប៉ូការីស្វេត ១យួរ និងថវិកាម្នាក់ៗ៥ម៉ឺនរៀល៕

ads banner