មន្ទីរបរិស្ថានខេត្តបាត់ដំបងត្រៀមកូនឈើចម្រុះជាងបួនម៉ឺនដើមសម្រាប់ចែកជូនពលរដ្ឋដាំឥតគិតថ្លៃ

បាត់ដំបង៖ ខណៈដើមរដូវវស្សាចូលមកដល់ មន្ទីរបរិស្ថានខេត្តបាត់ដំបងបានបណ្តុះកូនឈើចម្រុះជាងបួនម៉ឺនដើមសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយមិនគិតថ្លៃក្នុងឆ្នាំនេះ។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ឱ្យដឹងថាឆ្នាំ២០២៤នេះ មន្ទីរបានត្រៀមនូវកូនឈើចម្រុះ៤៥ ០០០ដើម សម្រាប់ចែកជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បានយកទៅដាំជាល
ក្ខណៈគ្រួសារ ដោយឥតគិតថ្លៃ។លោកបន្ថែមថាការចែកជូននឹងធ្វើឡើង នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ។លោកបញ្ជាក់ថា ការដាំដើមឈើឡើងវិញនេះ ជាការយកចិត្តទុកដាក់ខ្លាំងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរបរិស្ថានផងដែរ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកលក្នុងរយៈពេលកន្លងមកនេះ។

តាមរយៈទូរទស្សន៍អប្សរា លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានដំណឹងដល់អាជ្ញាធរមូលដ្ឋាន បណ្តាមន្ទីរអង្គភាព គ្រឹះស្ថានសិក្សា សាលារៀន ប្រជាពលរដ្ឋដែលមានបំណង និងត្រូវការកូនឈើ យកទៅដាំលម្អតាមស្ថាប័ន ឬដាំតាមដងផ្លូវក្នុងទីប្រជុំជនមូលដ្ឋានខ្លួនឬក៏ដាំជាសហគមន៍ សូមមកដាក់ពាក្យស្នើសុំនៅឯមន្ទីរបរិស្ថានខេត្តឲ្យបានរួសរាន់ ព្រោះចំនួនកូនឈើមានកំណត់។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន ត្រូវរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដាតទៅ សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហឋាន សាលារៀន តាមទីវត្តអារាម កន្លែងសាធារណៈនិងទីតាំងឯកជននានាដោយឥតគិតថ្លៃ។
អនុវត្តនូវអនុសាសន៍នេះឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានប្រកាសយុទ្ធនាការបណ្តុះកូនឈើមួយលានដើម ក្នុងមួយឆ្នាំសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner