Nissan ៨ម៉ឺនគ្រឿង ត្រូវប្រមូលមកជួសជុលពោងសុវត្ថិភាព

មន្ត្រីសហរដ្ឋអាមេរិកបានប្រកាសថា រថយន្តជប៉ុន Nissan ចំនួន៨៤០០០គ្រឿង ដែលផលិតនៅចន្លោះ ពីឆ្នាំ២០០២ ដល់២០០៦ ត្រូវបានរកឃើញថា មានបញ្ហាគាំងពោងសុវត្ថិភាព ត្រូវប្រមូលមកជួសជុល ឡើងវិញ ជាបន្ទាន់។
 
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេសហព័ន្ធ របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ពោងសុវត្ថិភាពនេះ មានម៉ាក Takata ដែលជាក្រុមហ៊ុនដៃគូ ជាមួយ Nissan ហើយរថយន្តដែលត្រូវប្រមូលមកវិញ រួមមានម៉ូដែល Nissan Sentra ផលិតពីឆ្នាំ២០០២ ដល់២០០៦,  ម៉ូដែល Nissan Pathfinder ផលិតពីឆ្នាំ២០០២ ដល់ ២០០៤ និងម៉ូដែល Infiniti QX4 ផលិត ពីឆ្នាំ២០០២ ដល់២០០៣។
 
តាមរយៈសេចក្តីជូនដំណឹង កាលពីថ្ងៃពុធ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ បានជំរុញឱ្យម្ចាស់យានជំនិះទាំងអស់ ពិនិត្យមើលជាបន្ទាន់ ដើម្បីមើលថា តើពោងសុវត្ថិភាព Takata រថយន្តរបស់ពួកគេ ដំណើរការ ឬ ក៏អត់។ បើមានបញ្ហា ម្ចាស់រថយន្តគួរតែទាក់ទងអ្នកចែកចាយ ដើម្បីកំណត់ពេលជួសជុល ដោយឥតគិតថ្លៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
 
គួរបញ្ជាក់ថា បញ្ហាពោងសុវត្ថិភាព Takata មានជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស ជាង២០នាក់ អំឡុងគ្រោះថ្នាក់ចរាចរណ៍ នៅសហរដ្ឋអាមេរិក។
 
ក្រុមហ៊ុនផលិតពោងសុវត្ថិភាព Takata ដែលសហការជាមួយបណ្តាក្រុមហ៊ុនរថយន្តជប៉ុននានា កាលពីឆ្នាំ២០១៨ ធ្លាប់ត្រូវបានសង្ស័យថា ក្ស័យធន បន្ទាប់ពីរឿងអាស្រូវលើបញ្ហាពោងសុវត្ថិភាព។ ការណ៍នេះបានប៉ះពាល់ដល់ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតរថយន្តធំៗ ទូទាំងពិភពលោក រួមទាំង Toyota និង General Motors។
 
ពោងសុវត្ថិភាព ត្រូវដំណើរការដោយសារការជំរុញពីសារធាតុ Ammonium Nitrate។ នៅពេលដែលសារធាតុគីមីនេះ ខូចទ្រង់ទ្រាយ ជាពិសេស ក្នុងស្ថានភាពសើម មានន័យថា ពោងសុវត្ថិភាព មិនបានបំប៉ោងត្រឹមត្រូវ ហើយជួនកាល ពោងអាចផ្ទុះ ពេលកំពុងបើកបរ ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner