ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយកំពូលអ្នកប្រដាល់ ម៉ានី ប៉ាគីអាវ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman  Beverages) ដែលជាក្រុមហ៊ុន ភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញសម្រាប់ភាពច្នៃប្រឌិត និងផ្តោតសំខាន់លើគុណភាព មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការជាមួយកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ក្នុងនាមជាទូតសុច្ឆន្ទៈ អន្តរជាតិដែលទើបតែត្រូវបានតែងតាំងថ្មី សម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស  លោក ម៉ានី ប៉ាគីអាវ បានបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធីប្រដាល់ “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ (KKF) ដោយ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បេតិកភណ្ឌ វប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា និងក្បាច់គុនបុរាណរបស់ខ្លួននៅកាន់ពិភពលោក។

វត្តមាន លោក ម៉ានី ប៉ាគីអាវ ក្នុងកម្មវិធី “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) គឺជាមហាព្រឹត្តិការណ៍ក្នុងកំណត់ត្រាថ្មីដែលបញ្ជាក់ពីគុណតម្លៃនៃកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាដើម្បីឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះលោក ម៉ានី ប៉ាគីអាវមិនត្រឹមតែបានបំផុសទឹកចិត្តអត្តពលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចាប់អារម្មណ៍ជាសាកលទៅលើកីឡាប្រដាល់គុនខ្មែរ ដោយបង្ហាញពីវិន័យ និងជំនាញរបស់ កីឡាករប្រដាល់កម្ពុជាផងដែរ។

នៅក្នុងការប្រកួតនេះ លោក ម៉ានី ប៉ាគីអាវ បានថ្លែងលើកទឹកចិត្ត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងចំពោះទាំងអត្តពលិក និងអ្នកចូលរួមទស្សនា។ លោកបានថ្លែងថា៖ «វាជាកិត្តិយសណាស់ដែលខ្ញុំបានមកទីនេះនៅថ្ងៃនេះ ហើយបានឃើញនូវទេពកោសល្យ និងការលះបង់ដ៏មិនគួរឲ្យជឿរបស់កីឡាករប្រដាល់គុនខ្មែរ ។ ក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលបានចំណាយស្ទើរតែមួយជីវិតនៅលើសង្វៀនប្រដាល់ ខ្ញុំយល់ពីការខិតខំប្រឹងប្រែង និងឆន្ទៈដែលជំរុញយើងម្នាក់ៗឱ្យខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកភាពជោគជ័យ និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ ។ សូមអរគុណសម្រាប់ក្តីស្រឡាញ់ និងការគាំទ្រពីប្រជាជនកម្ពុជាទាំងអស់កន្លងមក។ កីឡាប្រដាល់ គុនខ្មែរ គឺលើសពីកីឡាទៅទៀត។ វាជាសក្ខីភាពនៃកម្លាំង និងស្មារតី ដូច្នេះសូមបងប្អូនទាំងអស់គ្នានៅទីនេះ សូមកុំភ្លេចបន្តការតស៊ូរក្សាជំនឿដ៏មុតមាំហើយសំខាន់ បំផុតនោះ គឺត្រូវបន្តក្រោកឈរឡើងដើម្បីភាពអស្ចារ្យនៅលើឆាកអន្តរជាតិ។»
 
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្តេជ្ញាបង្កើតឱកាសសម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីទទួលបានការបង្ហាញ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចាប់ដៃគូជាមួយកំពូលកីឡាករអន្តរជាតិ ដូចជាលោក ម៉ានី ប៉ាគីអាវ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងលើកកម្ពស់កីឡាប្រដាល់គុនខ្មែរ  ឱ្យគេបានស្គាល់ និងឱ្យតម្លៃនៅទូទាំងពិភពលោក។
ភាពជាដៃគូនេះមិនមែនគ្រាន់តែជាការលើកកម្ពស់ម៉ាកសញ្ញាក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយមរតកវប្បធម៌ទាំងមូល និងផ្តល់ឱ្យអត្តពលិកកម្ពុជានូវវេទិកាមួយដើម្បីបញ្ចេញសមត្ថភាពនៅទូទាំងពិភពលោក។

លោក ផន មុតសុក្រឆពណ្ណ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានសម្ដែងនូវការសាទរចំពោះកិច្ចសហការនេះ ហើយលោកបានមានប្រសាសន៍៖ «សូមនាំមកជូននូវសង្វៀនហនុមានគុនខ្មែរ ដែលជាការប្រកួត ដណ្តើមខ្សែក្រវាត់ជើងឯកកីឡាប្រដាល់គុនខ្មែរ ដែលទើបនឹងបង្កើតថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលនាំមកជូនដោយក្រុមហ៊ុន ហនុមាន ។ បន្ថែមពីលើការ អបអរសាទរនៃភាពល្បីល្បាញទៅកាន់ទូទាំងពិភពលោក  ជាមួយនឹងវត្តមានរបស់ទូតសុច្ឆន្ទៈអន្តរជាតិដែលជាជើងឯកប្រដាល់លំដាប់ពិភពលោកម៉ានី ប៉ាគីអាវ យើងប្រមូលផ្តុំគ្នា ដើម្បីទស្សនាមហាព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរ ដ៏ អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ ជាមួយ កីឡាករប្រដាល់ គុន ខ្មែរ របស់យើង។  ទាំងអស់នេះជាការសរបញ្ជាក់ នូវគុណតម្លៃនៃព្រឹត្តិការណ៍នេះ និងគោលដៅលើកកម្ពស់ គុន ខ្មែរ ទៅកាន់ឆាកអន្តរជាតិ។

ជាមួយនឹងមោទនភាពដ៏អស្ចារ្យក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នេះ ដើម្បីជំរុញកីឡាករប្រដាល់គុនខ្មែរឱ្យដើរតាមក្តីស្រមៃរបស់ពួកគេ និង ធ្វើការរួមគ្នាដើម្បីលើកកម្ពស់កីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ភាពជាដៃគូរវាង ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ គឺជាជំហានដ៏សំខាន់មួយឈានឆ្ពោះទៅ កាន់ការធ្វើសកលភាវូបនីយកម្មកីឡាប្រដាល់គុនខ្មែរ។ តាមរយៈការចូលរួមក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វ ផ្សាយ បណ្តាញសង្គម និងការទទួលយកបទពិសោធន៍ម៉ាកសញ្ញាដ៏សម្បូរបែប។ កិច្ចសហការនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ទាំងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងកីឡាប្រដាល់គុនខ្មែរ ឈានទៅរកភាពជោគជ័យថ្មី ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner