ចិនចាត់ទុកការលុបបំបាត់អត្រាគ្មានការងារធ្វើរបស់យុវជន ជាអាទិភាពកំពូល

ប៉េកាំង៖ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិន ត្រូវបានមេដឹកនាំចិន នៅដើមសប្តាហ៍នេះ បានប្រាប់កម្មាភិបាលកំពូលរបស់បក្សកុម្មុយនិស្តចិន (CCP) ថា វាគួរតែជា “អាទិភាពកំពូល”។

អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនរបស់ប្រទេសចិន បានក្លាយជាបញ្ហាចម្បង ដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅដើមសប្តាហ៍នេះបានប្រាប់កម្មាភិបាលកំពូលរបស់បក្សកុម្មុយនិស្តចិន (CCP) ថា វាគួរតែជា “អាទិភាពកំពូល”។

ការបង្ហើរសម្តីបែបនេះរបស់លោក ស៊ី ត្រូវបានអ្នកវិភាគជាច្រើនយល់ឃើញថា ជាសញ្ញាមួយបង្ហាញថា កំណែទម្រង់នឹងកើតមាន នៅមុនកិច្ចប្រជុំពេញអង្គលើកទី៣ នៅក្នុងខែកក្កដា ដែលជាកិច្ចប្រជុំបានបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗជាប្រវត្តិសាស្ត្រនៅក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ច។

នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ស៊ី បានគូសបញ្ជាក់ថា យុវជនគួរតែត្រូវបានលើកទឹកចិត្តឱ្យស្វែងរកការងារ ឬចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យសំខាន់ៗ និង ឧស្សាហកម្ម។ លោក ស៊ី ត្រូវបានគេដកស្រង់សម្ដីថា បណ្តាញទីផ្សារ និងសង្គមគួរតែត្រូវបានពង្រីកសម្រាប់យុវជនដើម្បីស្វែងរកការងារធ្វើ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ភាពគ្មានការងារធ្វើក្នុងស្រទាប់យុវជនចិនមានចំនួន ១៤.៧ភាគរយនៅក្នុងខែមេសា ឆ្នាំ២០២៤ ហើយនៅក្នុងខែមិថុនានេះ និសិត្សចំនួន ១១.៨លាននាក់ផ្សេងទៀតនឹងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដែលនឹងដាក់បន្ទុកលើបញ្ហានេះបន្ថែមទៀត។ ដោយឡែកកាលពីពាក់កណ្តាលឆ្នាំ ២០២៣ អត្រាគ្មានការងារធ្វើបានកើនឡើងរហូតដល់ ២១.៣ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner