បេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់នឹងបញ្ចប់ ក្រោយចាយពេលជាង ២០ឆ្នាំ
អ.ស.ប៖ តបតាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានសម្រេចជាឯកច្ឆ័ន្ទកាលពីថ្ងៃសុក្រថាបេសកកម្មនយោបាយរបស់អង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ នឹងចាកចេញពីប្រទេសនេះនៅត្រឹមចុងឆ្នាំ ២០២៥ បន្ទាប់ពីចំណាយពេលជាង ២០ឆ្នាំ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបន្តអាណត្តិបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីនោះ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ ហៅកាត់ថា UNAMI នឹងបញ្ឈប់ការងារ ក៏ដូចជាប្រតិបត្តិការទាំងអស់របស់ខ្លួន។
បេសកកម្ម UNAMI មានបុគ្គលិកប្រហែល ៧០០នាក់ មានភារកិច្ចផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាល ទៅលើការសន្ទនាផ្នែកនយោបាយ និងការផ្សះផ្សា ក៏ដូចជាជួយដល់ការបោះឆ្នោត និងកំណែទម្រង់វិស័យសន្តិសុខជាដើម។ រដ្ឋាភិបាលអ៊ីរ៉ាក់បានស្វាគមន៍ការសម្រេចចិត្តនេះ ដោយនិយាយថា វាឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងស្ថិរភាពនៅក្នុងប្រទេស ចាប់តាំងពី UNAMI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ បន្ទាប់ពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក និងការដួលរលំរបស់លោក សាដាម ហ៊ូសេន។
នៅក្នុងខែឧសភា រុស្ស៊ី ចិន អង់គ្លេស និងបារាំង សុទ្ធតែបានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តនេះ ដោយលោកស្រី Anna Evstigneeva ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនអ៊ីរ៉ាក់ ឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលខុសត្រូវទាំងស្រុងចំពោះអនាគតនយោបាយរបស់ប្រទេសខ្លួន។ យើងបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពអ៊ីរ៉ាក់ ហើយប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា