ភ្លៀងធ្លាក់ដើមឆ្នាំ៖ រដូវផ្សិតប៉ក់ ឬផ្សិតផូងផាំង ផ្តល់ចំណូលដល់ អ្នកភូមិនៅស្រុកទឹកផុស
កំពង់ឆ្នាំង៖ដូចគ្នានឹងខេត្តតំបន់ខ្ពង់រាបដទៃទៀតដែរ នៅស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង នៅពេលភ្លៀងធ្លាក់ដើមឆ្នាំផ្សិត ធម្មជាតិ ម៉្យាងបានដុះពេញព្រៃរបោះ។ប្រជាពលរដ្ឋនិយមហៅផ្សិតព្រៃ ពណ៌ខ្មៅប្រផេះនិងមានរាងមូលទំហំប៉ុនមេដៃឬប៉ុន មេជើងនេះ ថា”ផ្សិតប៉ក់ឬផ្សិតផូងផាំង”។ផ្សិតនេះអាចយកមកធ្វើជាម្ហូប ច្រើនបែប។ដោយមានចំនួនច្រើនលើសលុបហួសពីសេចក្តីត្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាននោះផ្សិតប៉ក់ក៏បានក្លាយជាប្រភពចំណូលតាមរយៈការលក់ដូរទៅទីផ្សារក្រៅមូលដ្ឋាន។
លោកមេឃុំក្តុលសែនជ័យ ស្រុកទឹកផុស លោក ម៉ឹង វិសាលសុខបានប្រាប់ទូរទស្សន៍អប្សរាថា នៅពេលភ្លៀងធ្លាក់ដំបូង ផ្សិតប៉ក់ដុះយ៉ាងច្រើន។ប្រជាពលរដ្ឋក្នុងឃុំក្តុលសែនជ័យដែលតែងតែឡើងបេះផ្សិតប៉ក់យកមកធ្វើម្ហូបនិងលក់ដូរទៅទីផ្សារ តាមរយៈឈ្មួញចុះមកទិញផ្ទាល់។វត្តមានផ្សិតប៉ក់ដុះច្រើននៅភ្នំនៃតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល។អ្នកដកផ្សិតមានចំនួនច្រើនក្នុងមួយថ្ងៃៗ។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកដកផ្សិតយកមកលក់ និងបរិភោគបានថយចុះជាបណ្ដើរៗ។លោកមេឃុំបញ្ជាក់ថា ចំនួនអ្នកដកផ្សិតថយចុះដោយសារកត្តាពីរយ៉ាង ។ទី១.ផ្សិតប៉ក់នៅតាមភ្នំឬក្នុងដីសហគមន៍ទឹកធ្លាក់ស្រែអំពិល ថយចុះ។ផ្សិតចាប់ផ្តើមស្បើយ។ផ្សិតនេះដុះច្រើននៅពេលភ្លៀងធ្លាក់ដំបូងប៉ុណ្ណោះ។ទី២.ដោយសារឈ្មួញបានទម្លាក់ថ្លៃ ត្រឹមប្រាំពាន់រៀលក្នុងមួយគីឡួក្រាម ខណៈដំបូងឡើយអាចលក់បានមួយគីឡូតម្លៃពីមួយម៉ឺនទៅពីរម៉ឺនរៀល។
លោកមេឃុំក្រុលសែនជ័យ បន្តថា កាលពីភ្លៀងធ្លាក់ដើមឆ្នាំប្រជាជនក្នុងឃុំ ក៏ដូចមកពីឃុំដទៃបានសម្រុកនាំគ្នាទៅដក ផ្សិតប៉ក់យកមកបរិភោគនិងលក់ ដែលអាចរកចំណូលបានពីប្រាំមួយម៉ឺន ទៅជាង១០ម៉ឺនក្នុងមួយថ្ងៃ។
លោក យ៉ែន សៅ ប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុសឯណោះវិញ និយាយថាបច្ចុប្បន្នប្រជាពលរដ្ឋ ក្នុងឃុំជៀប សម្រុកទៅដកផ្សិតប៉ក់លក់ឱ្យឈ្មួញ។លោកបន្តថា ខាងឃុំក្តុលសែនជ័យ មានភ្លៀងធ្លាក់មុន ហើយរយៈពេល ប្រមាណមួយខែ ផ្សិតចាប់ផ្ដើមថយចុះ។ប៉ុន្តែនៅឃុំជៀប ទើបមានភ្លៀងធ្លាក់ក្រោយ ម៉្លោះហើយផ្សិតទើបតែដុះ ។ បច្ចុប្បុន្ន ប្រជាពលរដ្ឋ មានពីរឃុំ គឺឃុំជៀប និង ឃុំទួលខ្ពស់ បានសម្រុកនាំគ្នាដក់ផ្សិតប៉ក់លក់ឱ្យឈ្មួញដែលចាំទិញនៅមាត់ព្រៃពេល ប្រជាពលរដ្ឋចេញពីព្រៃ។
លោក យ៉ែន សៅ បានបញ្ជាក់ថា ដើមឡើយផ្សិតប៉ក់មួយគីឡូពីរម៉ឺនរៀលឬអាចថ្លៃជាងនេះ ។ក្រោយមកចុះត្រឹម
១៥.០០០ រៀល និងនៅថ្ងៃ៣១ ខែឧសភានេះនៅត្រឹមមួយម៉ឺនរៀលក្នុងមួយគីឡូក្រាម។លោកបន្តថាបើផ្សិតនៅតែបន្តធ្លាក់ ចុះត្រឹមប្រាំពាន់រៀល ដូចនៅឃុំក្តុលសែនជ័យ ប្រហែលជាមិនមានអ្នកឡើងដកផ្សិតប៉ក់នោះទៀតទេ។ ព្រោះក្នុងម្នាក់ៗ អាច រកផ្សិតបានត្រឹមតែបួនទៅប្រាំគីឡូប៉ុណ្ណោះ ឬអ្នកខ្លះសំណាងប៉ះចំដីទួលមានផ្សិតច្រើន ទើបអាចរកបានពី ១០ ទៅ១៥ គីឡូក្រាម។
លោក សៅ បាននិយាយថា តាមឈ្មួញដែលឈរចាំទិញផ្សិតប៉ក់នៅមាត់ព្រៃប្រាប់ ផ្សិតនេះយកទៅលក់នៅប្រទេសថៃ ហើយមុខរបរនេះ កាកកបតែរដូវធ្លាក់ភ្លៀងដើមឆ្នាំ។
ផ្សិតប៉ក់ ឬផ្សិតផូងផាំង ដូចជាបន្លែម៉្យាង ដែលមានរសជាតិឆ្ងាញ់។ គេអាចយកទៅធ្វើជាម្ហូបបានច្រើនបែបទៅតាមចំណង់
ចំណូលចិត្តអ្នកបរិភោគ។គឺជាផ្សិតធម្មជាតិមានតែនៅរដូវភ្លៀងធ្លាក់ដំបូងតែប៉ុណ្ណោះ៕
អត្ថបទនិងរូបភាព៖សុខ គឹមសៀន