រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា
កំពង់ចាមៈ កាលពីព្រឹកថ្ងៃសៅរ៍ទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលាសន្និសីទសាលាខេត្ត។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា កុមារគឺជាអ្នកបន្តវេនដូចពាក្យស្លោក ថា កុមារគឺជាទំពាំងស្នងប្ញស្សី ។ហេតុនេះហើយ ត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានចែកជូនដល់សិស្សដែលបានចូលរួមពិធីនូវថវិកា និងសៀវភៅសរសេរមួយចំនួន៕
ដោយៈ លីពៅ