ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នាំកីឡាករប្រដាល់ពិភពលោកដ៏ល្បី លោក Manny Pacquiao ធ្វើដំណើរទស្សនកិច្ច ប្រាសាទអង្គរ
សៀមរាប ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បាននាំម្ចាស់ជើងឯកប្រដាល់ពិភពលោកដ៏ល្បី លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) និងភរិយា ធ្វើដំណើរទស្សនកិច្ចមកកាន់ ទឹកដីខេត្តសៀមរាប ដែលពោរពេញដោយអច្ឆរិយភាព ។ បទពិសោធន៍ដ៏ពិសេសនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងតំបន់ទេសចរណ៍ដ៏អស្ចារ្យទៅកាន់ពិភពលោក។
ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់ លោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមដំណើរកម្សាន្តដ៏អស្ចារ្យនៅក្នុងខេត្តសៀមរាប ដោយស្វែងយល់ពីទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងខ្លឹមសារនៃវប្បធម៌ខ្មែរ ។ ដំណើរកម្សាន្តនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដើម្បីរំលេចភាពស្រស់ស្អាត និងសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃអច្ឆរិយបុរាណរបស់កម្ពុជា ។
ដើម្បីជាការអបអរនៃកេរ្តិ៍ដំណែលវប្បធម៌ខ្មែរដ៏អស្ចារ្យ លោក ម៉ានី ប៉ាគីអាវ នឹងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាកាយវិការនៃការលើកតម្កើងសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាយើង ។ សម្លៀកបំពាក់ជានិមិត្តរូបនេះមិនត្រឹមតែបង្ហាញពីភាពឆើតឆាយនៃម៉ូដ និងរចនាបថខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សារភ្ជាប់រវាងប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងពិភពលោកសម័យទំនើបដែលនាំមកនូវការចាប់អារម្មណ៍ជាសកលចំពោះអត្តសញ្ញាណវប្បធម៌តែមួយគត់របស់ប្រទេសកម្ពុជា ។
លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ខេត្តសៀមរាប គឺជារតនវត្ថុរបស់ប្រទេសកម្ពុជាហើយយើងពិតជារំភើបក្នុងការចែករំលែកភាពអស្ចារ្យរបស់យើង ជាមួយ លោក ម៉ានី ប៉ាគីអាវ។ តាមរយៈការបង្ហាញបេតិកភណ្ឌដ៏សម្បូរបែប និងការអញ្ជើញជាវត្តមានរបស់លោក ម៉ានី មកទទួលយកបទពិសោធន៍ដោយផ្ទាល់ យើងមានគោលបំណងលើកកម្ពស់សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ ។ កិច្ចសហការនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងទាំងការអភិរក្សវប្បធម៌ និងការច្នៃប្រឌិត។»
ដំណើររបស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ នឹងរួមបញ្ចូលនូវការទស្សនារមណីយដ្ឋានល្បីៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រីដែលមានក្បាច់ចម្លាក់យ៉ាងល្អល្អះ ដែលបង្ហាញពីអតីតកាលដ៏រុងរឿងរបស់កម្ពុជា ។ ទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រទាំងនេះ ដែលធ្លាប់ជាបេះដូងនៃអាណាចក្រខ្មែរ ឥឡូវនេះនឹងត្រូវបានគេមើលឃើញតាមរយៈក្រសែភ្នែកដោយផ្ទាល់របស់កំពូលកីឡាករលំដាប់ពិភពលោក ដែលនឹងពាំនាំនូវរឿងរ៉ាវ និងបទពិសោធន៍របស់គាត់នៅប្រទេសកម្ពុជាយើង ទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។
ជាងនេះទៅទៀតលោក ម៉ានី ក៏បានភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងបង្អែមជាច្រើនមុខ ជាមួយនឹងរសជាតិពិតៗ ដែលកំណត់ពីសិល្បៈម្ហូបអាហាររបស់ខ្មែរ ។ ដំណើរកម្សាន្តដ៏មានអត្ថន័យមួយនេះ មិនត្រឹមតែបង្ហាញពីវប្បធម៌ម្ហូបអាហារដ៏សម្បូរបែប និងវិសាលភាពនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការប្រារព្ធ និងអភិរក្សវប្បធម៌ប្រពៃណីក្នុងស្រុក។
លោក ម៉ានី ប៉ាគីអាវ បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា និងទទួលបានបទពិសោធន៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបបែបនេះ ។ ការដែលបានស្លៀកសម្លៀកបំពាក់បុរាណខ្មែរ ខណៈពេលទស្សនានូវភាពអច្ឆរិយនៃខេត្តសៀមរាប គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ហនុមានប៊ែវើរីជីសសម្រាប់ឱកាសដ៏ពិសេសមួយនេះ ហើយទន្ទឹងរង់ចាំចែករំលែកភាពស្រស់ស្អាតនៃប្រទេសកម្ពុជាទាំងអស់ទៅកាន់ពិភពលោក ។
ដំណើរកម្សាន្តនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ធំរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដើម្បីដាក់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយ ។ តាមរយៈការចាប់ដៃគូជាមួយលោក ម៉ានី ប៉ាគីអាវ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដោយទាក់ទាញការយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌដែលមានតែមួយគ្មានពីរ និងលើកទឹកចិត្តអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ឱ្យស្វែងយល់អំពីកំណប់ទ្រព្យដ៏វិសេសវិសាលមួយនេះ ៕ ដោយ គ្រី សម្បត្តិ