ប្រមុខណាតូ៖ អ៊ុយក្រែនត្រូវការជំនួយជាង ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ

ប្រាក៖ ប្រមុខអង្គការណាតូ កាលពីថ្ងៃសុក្របានជំរុញសមាជិកឱ្យប្តេជ្ញាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន យ៉ាងហោចណាស់ ៤៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលភ្លើងសង្រ្គាមជាមួយរុស្ស៊ីនៅតែឆាបឆេះ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកកាសែតថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២មក សម្ព័ន្ធមិត្តបានផ្តល់ជំនួយយោធាមានតម្លៃប្រហែល ៤៣ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងមួយឆ្នាំៗ។

លោក Stoltenberg បន្តថា គាត់ចង់ឱ្យប្រទេសចំនួន ៣២ របស់អង្គការណាតូ ចែករំលែកបន្ទុក “ដោយសមធម៌” ហើយត្រៀមខ្លួនដើម្បីប្រកាសផែនការនៅក្នុងកិច្ចប្រជុំកំពូលនៃរដ្ឋធានីវ៉ាស៊ីនតោន។

លោក Stoltenberg បន្ថែមថា យើងត្រូវការការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីធានាថា អ៊ុយក្រែនអាចរៀបចំផែនការ និងធានាថា អ៊ុយក្រែនមានការព្យាករណ៍ដែលពួកគេត្រូវការ ដើម្បីធ្វើសង្រ្គាមការពារខ្លួនឯង។

រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា កិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ “ស្ពានទៅកាន់សមាជិកភាព” ដែលរឹងមាំ និងភ្លឺច្បាស់ ដោយសមាជិកសម្ព័ន្ធមិត្តនេះ នឹងបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន។

នៅក្នុងការផ្លាស់ប្តូរចុងក្រោយបង្អស់ ដើម្បីបង្កើនការគាំទ្រអ៊ុយក្រែន លោក Blinken បានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិក វាយប្រហារចូលទៅក្នុងទឹកដីប្រទេសរុស្ស៊៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner