អ៊ីរ៉ង់ថ្កោលទោសអឺរ៉ុប ក្រោយដាក់ទណ្ឌកម្មលើកម្មវិធីយន្តហោះដ្រូនខ្លួន

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប ទៅលើមន្ត្រីជាន់ខ្ពស់ និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជុំវិញការផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី និងសម្ព័ន្ធមិត្តមជ្ឈិមបូព៌ារបស់ខ្លួន។

ចំណាត់ការរបស់សហភាពអឺរ៉ុបដែលបានបង្ហាញកាលពីថ្ងៃសុក្រ បានកំណត់គោលដៅទៅលើរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani និង លៅល Esmail Qaani ដែលជាមេបញ្ជាការកងប្រតិបត្តិការបរទេសរបស់កងកម្លាំងឃើដ ក្នុងចំណោមអ្នកផ្សេងទៀត។

កញ្ចប់ទណ្ឌកម្មរបស់អឺរ៉ុបនេះដែរ ក៏ផ្តោតលើមជ្ឈមណ្ឌលបញ្ជាការកងកម្លាំងប្រដាប់អាវុធ, ប្រធានក្រុមហ៊ុនអាកាសចរណ៍រដ្ឋ និងក្រុមហ៊ុន Kavan Electronics Behrad ផងដែរ។

ក្រសួងការបរទេសអ៊ីរ៉ង់បានពណ៌នាចំណាត់ការរបស់អឺរ៉ុបថា ជារឿងគួរឱ្យសោកស្ដាយ ហើយថា ការដាក់ទណ្ឌកម្មនេះ ផ្អែកលើការចោទប្រកាន់ និងការទម្លាក់កំហុសដដែលៗ ដែលមិនសមហេតុផល និងគ្មានមូលដ្ឋាន។

អ្នកនាំពាក្យក្រសួងការបទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មហាមឃាត់ពលរដ្ឋ ឬក្រុមហ៊ុនរបស់អឺរ៉ុប មិនឱ្យធ្វើអាជីវកម្មជាមួយបុគ្គល និងអង្គការដែលបានចុះបញ្ជី។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់យន្តហោះដ្រូនដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា ជាពិសេសក្រុម Hezbollah នៅលីបង់ និងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន។

ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក៏បានចោទប្រកាន់អ៊ីរ៉ង់ដែរថា បានផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះដ្រូន ដើម្បីប្រើក្នុងសង្រ្គាមអ៊ុយក្រែន។ ទោះបីជាយ៉ាងណា ប្រទេសអ៊ីរ៉ង់បានទាត់ចោលការចោទប្រកាន់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner