៣ខែដើមឆ្នាំ កំណើន GDP របស់កាណាដាមានត្រឹម ១.៧ភាគរយ ទាបជាងការព្យាករណ៍
អូតាវ៉ា៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសកាណាដាមានកំណើនយឺតជាងការរំពឹងទុក។
សេដ្ឋកិច្ចកាណាដាមានចំនួនត្រឹម ១.៧ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាលកាណាដាបានបញ្ជាក់ថា ការចំណាយខ្ពស់របស់គ្រួសារកាណាដា ទៅលើផ្នែកសេវាកម្មកើនឡើង ០.៧ភាគរយ បានដឹកនាំកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលសារពើភ័ណ្ឌក៏កាន់តែយឺតកើនឡើងផងដែរ។
កត្តាធំបំផុតក្នុងការជំរុញការចំណាយរបស់គ្រួសារកាណាដា គឺការកើនឡើង ១.១ភាគរយទៅលើសេវាកម្មជាចម្បង, សេវាទូរគមនាគមន៍, ការជួល និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ទន្ទឹមគ្នា ធនាគារកាណាដាបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកាណាដា នឹងកើនឡើងតិចតួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៤។
ធនាគារកណ្តាលកាណាដា ក៏ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយដែរថា នឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែមិថុនានេះ បន្ទាប់ពីបានដំឡើងអត្រាការប្រាក់ខ្ពស់បំផុត នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអតិផរណា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា