ប្រមុខការពារជាតិចិនព្រមានថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ឯករាជ្យភាពតៃវ៉ាន់
សង្ហិបុរី៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានព្រមាននៅថ្ងៃអាទិត្យនេះថា កងកម្លាំងយោធារបស់ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ឯករាជ្យភាពរបស់កោះតៃវ៉ាន់។
ប្រមុខការពារជាតិចិន លោក Dong Jun បានសង្កត់ធ្ងន់ថា កងទ័ពរំដោះប្រជាជនចិនតែងតែជាកម្លាំងដែលមិនអាចបំបែកបាន និងមានកម្លាំងខ្លាំងក្នុងការការពារការបង្រួបបង្រួមជាតិមាតុភូមិ ហើយខ្លួននឹងធ្វើសកម្មភាពដោយម៉ឺងម៉ាត់ និងខ្លាំងក្លាគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ឯករាជ្យភាពរបស់តៃវ៉ាន់។
លោក Dong បន្ថែមថា អ្នកណាហ៊ានបំបែកតៃវ៉ាន់ចេញពីចិន នឹងត្រូវទទួលរងការកម្ទេចជាបំណែកៗ ឬក៏រងការឈឺចាប់ដោយស្នាដៃខ្លួនឯង។ លោក Dong បានថ្លែងអះអាងបែបនេះ នៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេល ១៨ខែ ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍វេទិកាសន្តិសុខអន្តរជាតិ Shangri-La Dialogue ឆ្នាំ២០២៤ កើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងបានព្រមានអំពីសង្គ្រាមលើកោះដែលគាំទ្រដោយសហរដ្ឋអាមេរិកនេះ បន្ទាប់ពីការចូលកាន់តំណែងរបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ដែលទីក្រុងប៉េកាំងបានហៅគាត់ថា ជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់”៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា