ក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម រៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ
(កំពង់ចាម)៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ ក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត ដឹកនាំដោយលោក Olivier RODIEN ប្រធានសមាគម (AMS) សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានរៀចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋមកពី ឃុំចំនួន៣ គឺឃុំពាមកោះស្នា, ឃុំខ្ពបតាងួន, ឃុំព្រះអណ្តូង នៅវត្តពាមកោះស្នា (វត្តបទុមកេសរ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចំនួនសរុបជាង ១,៤៥០ករណី ដោយមានការចូលរួមពី ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កម្មវិធីពិនិត្យសុខភាព និងផ្តល់ការប្រឹក្សាយោបល់សម្រាប់អ្នកជម្ងឺលើសសម្ពាធឈាម និងអ្នកជម្ងឺទឹកនោមផ្អែម គឺមានសារៈសំខាន់ណាសចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់វ័យនៅស្រុកស្ទឹងត្រង់នាព្រឹកនេះ ។
ឯកឧត្តម បញ្ជាក់ថា ការរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋគ្រប់វ័យនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរូមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសុខុមាលភាពសង្គម និងការចូលរួមអនុវត្តនៅវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យសុខាភិបាល ជាពិសេសលើការគ្របដំណ្តប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងដល់មូលដ្ឋាន ៕
ដោយ ៖ ហេង សម្បត្តិ