អភិបាលរាជធានីភ្នំពេញ អញ្ជើញពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០២ មិថុនានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌដូនពេញ ចុះពិនិត្យទីតាំងប្រារព្ធពិធីនៅវត្តឧណ្ណាលោមនិងទីតាំងថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតី ដើម្បីអោយព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានណែនាំអោយអភិបាលរដ្ឋករស័្វយតគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញ ចាត់ចែងសំអាតអនាម័យ បរិសា្ថននៅទីតាំងព្រះរាជពិធីនិងនៅតាមតម្រាយផ្លូវអោយបានស្អាត។ជាមួយគ្នានេះឯកឧត្ដមឃួង ស្រេងក៏បានណែនាំអោយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវរក្សាអោយបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៃព្រះរាជពិធីនេះ។
ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយដង្ហែចេញពីវត្តឧណ្ណាលោមនៅម៉ោង ០៦:០០នាទីព្រឹក ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំអោយគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីអអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។
គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឱ្យផ្អាកសកម្មភាពសម្ដែង និងផ្អាកការចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕
ដោយ ៖ ហេង សម្បត្តិ