ចិនជោគជ័យបញ្ជូនយានអវកាសទៅចុះចតនៅផ្នែកឆ្ងាយនៃភពព្រះចន្ទ
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យានអវកាស ឆាងអឺ-៦ (Chang’e-6) របស់ចិន បានចុះចតដោយជោគជ័យនៅថ្ងៃអាទិត្យនេះ នៅផ្នែកម្ខាងទៀតរបស់ព្រះចន្ទ ដែលមិនបែរមករកភពផែនដី ឬជាភាសាអង់គ្លេសហៅថា Far Side ដើម្បីប្រមូលសំណាកនៅទីនោះត្រឡប់មកកាន់ផែនដី។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា យានអវកាស ឆាងអឺ-៦ បានចុះចតនៅ South Pole-Aitken Basin ដែលជារណ្តៅដ៏ធំបំផុតមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ នេះជាលើកដំបូងហើយ ដែលសំណាកនឹងត្រូវបានប្រមូលពីតំបន់ដែលកម្រមានគេរកឃើញនៃផ្ទៃព្រះចន្ទ។ យាន ឆាងអឺ-៦ នឹងចាប់ផ្តើមខួងទៅក្នុងផ្ទៃព្រះចន្ទរហូតដល់ជម្រៅ២ម៉ែត្រ ដើម្បីប្រមូលយកសំណាក រួចច្រកទុកក្នុងប្រអប់ស្តុក។
យានអវកាស ឆាងអឺ-៦ នឹងបំពេញបេសកកម្មផ្នែកបច្ចេកទេសដ៏ស្មុគស្មាញរយៈពេល ៥៣ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែឧសភាកន្លងមក។ នៅក្នុងចង្កោមបេសកកម្មឆាងអឺ-៦ មានគ្រឿងយន្ត ៤ប្រភេទ សម្រាប់បំពេញដំណាក់កាលសំខាន់ៗ ដូចជាយានគោចរជុំវិញព្រះចន្ទ, យានសម្រាប់ចុះចតលើផ្ទៃព្រះចន្ទ, យានសម្រាប់ហោះឡើងពីផ្ទៃព្រះចន្ទវិញ និងប្រអប់ស្តុកសំណាក ដឹកដោយយាន orbiter ដើម្បីមកទម្លាក់លើផ្ទៃផែនដី។
មូលហេតុនៃការចុះទៅកាន់ទីនោះ ព្រោះចិនចង់ខួងយកសំណាកដែលអាចមានផ្ទុកនូវតំរុយនានា អំពីអតីតកាល និងដំណើរវិវត្តន៍របស់ព្រះចន្ទ។ យោងតាមសហគមន៍ Planetary Society បានឱ្យដឹងថា បេសកកម្មឆាងអឺ-៦ នឹងពន្យល់យើងអំពីដំណើរនៃវត្ថុអវកាសធំៗទាំងឡាយ ដែលបានធ្លាក់មកលើព្រះចន្ទ និងផែនដីកាលពីរាប់ពាន់លានឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា