រដ្ឋបាលខេត្តបាត់ដំបងត្រៀមដាំកូនឈើជាង២ម៉ឺនដើមក្នុងយុទ្ធនាការ “ផ្ទះមួយ-ដើមឈើ១ដើម”
បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងគ្រោងធ្វើយុទ្ធនាការដាំដើមឈើតាមមុខផ្ទះក្នុងក្រុងបាត់ដំបង ក្រោមប្រធានបទ”ផ្ទះមួយ-ដើមឈើ១ដើម”ក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា តាមការណែនាំ របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដាក់ចេញបទបញ្ជា និងកំណត់ឳ្យមន្ទីរបរិស្ថានខេត្ត ធ្វើការបណ្តុះកូនឈើនិងត្រៀមកូនឈើចម្រុះគ្រប់ប្រភេទសម្រាប់ធ្វើការដាំក្នុងយុទ្ធនាការ ” ផ្ទះមួយ-ដើមឈើ១ដើម ” នៅគ្រប់តាមដងផ្លូវ និងនៅតាមមុខផ្ទះនានាក្នុងទីក្រុងបាត់ដំបង ក្នុងពេលដ៏ខ្លី ខាងមុខនេះ។
លោកប្រធានមន្ទីរបន្តថា មន្ទីរបានត្រៀមកូនឈើសម្រាប់យុទ្ធនាការខាងលើនេះដោយបានបណ្តុះកូនឈើ និងត្រៀមយកកូនឈើប្រណិតនិងកូនឈើផ្កាចម្រុះចំនួន២៥ ០០០ដើម។ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្ត បានបន្ថែមថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរបរិស្ថានខេត្តបានបណ្តុះកូនឈើគ្រប់ប្រភេទ ចំនួន ៤៥ ០០០ដើម ។ក្នុងនោះ កូនឈើព្រៃលិចទឹក ចំនួន១៥ ០០០ ដើមសម្រាប់ចែកជូនដោយឥតគិតថ្លៃដល់អាជ្ញាធរ ស្ថាប័ន មន្ទីរ គ្រឹះស្ថានសិក្សា សាលារៀន សហគ្រាស និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំជាលក្ខណៈគ្រួសារ ជាសួនលម្អ ជាសមូហភាព។មន្ទីរ គ្រោងនឹងចែកចាយកូនឈើទាំងនេះនៅពាក់កណ្តាលខែកក្កដាខាងមុខ។
សូមជម្រាបថា កន្លងមកនេះនៅគ្រប់វេទិកានានា ទាំងនៅក្នុងទីប្រជុំជនក្រុង-ស្រុក ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ថគ្រឹះស្ថានសិក្សារបស់រដ្ឋនិងឯកជន តាមទីអារាមនិងទីប្រជុំជននានា ត្រូវនាំគ្នាដាំដើមឈើលម្អតាមទីកន្លែងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ដើម្បីប្រែក្លាយ មូលដ្ឋានប្រកបដោយភាពទាក់ទាញជាមួយនឹងភាពបៃតង និងផ្កាចម្រុះពណ៌ ដើម្បីបង្កើតសោភណភាពទីក្រុង ទាក់ទាញភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង។ពិសេសទៀតនោះ ក្រុងបាត់ដំបង ក៏ជាជម្រើសបេក្ខភាពជាទីក្រុងឆ្លាតវៃ Smart-City នៅថ្ងៃអនាគតផងដែរ។
ឯកឧត្តម សុខ លូ បានរំលេចទៀតថាយុទ្ធនាការ”ផ្ទះមួយ ដើមឈើ១ដើម”ត្រូវចាប់ផ្តើមពីទីប្រជុំជនក្រុងបាត់ដំបងមុនគេ និង ឆ្ពោះទៅកាន់បណ្តាទីប្រជុំជនស្រុកនានា ក្នុងខេត្តបាត់ដំបង ទាំងមូល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )