ព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងប្រព្រឹត្តទៅនៅម៉ោង៦ព្រឹកនេះ

ភ្នំពេញ៖ ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅនៅព្រឹកព្រលឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោមនៅម៉ោង៦ព្រឹក ។

ព្រះរាជពិធីដង្ហែនឹងធ្វើដំណើរតាមតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងថ្វាយព្រះភ្លើងនៅខាងមុខវត្តបទុមវតី ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សូមរំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។

ចំពោះមុខ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ រួមមាន គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនាំ និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner