គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ នៅថ្ងៃចន្ទនេះ បានអង្រួនតំបន់ភាគកណ្តាលនៃប្រទេសជប៉ុន ដែលទើបទទួលរងការវាយប្រហារដ៏បំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដីកាលពីខែមករាដើមឆ្នាំ ប៉ុន្តែការរញ្ជួយដីចុងក្រោយនេះមិនបង្កឱ្យមានរលកយក្សស៊ូណាមិទេ។

គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Noto នៅម៉ោង ៦៖៣១នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរជប៉ុន បានរាយការណ៍ថា គ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនៅរោងចក្រនុយក្លេអ៊ែរ Kashiwazaki-Kariwa នោះទេ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា តំបន់នេះមានសកម្មភាពរញ្ជួយអស់រយៈពេលជាង ៣ឆ្នាំមកហើយ រួមទាំងគ្រោះរញ្ជួយដីក្នុងកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករាដើមឆ្នាំនេះ។

ហើយតំបន់នេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងបន្តកើតមានគ្រោះរញ្ជួយដីថែមទៀតនៅពេលអនាគតដ៏ខ្លីខាងមុខ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់។ ទីភ្នាក់ងារ JMA ក៏បានព្រមានអំពីការរអិលបាក់ដី និងការធ្លាក់ផ្ទាំងថ្មនៅក្នុងតំបន់ ជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់ ឬគ្រោះរញ្ជួយដីបន្ថែមទៀត។

ស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជប៉ុនជាប្រទេសដែលជួបគ្រោះរញ្ជួយដី ញឹកញាប់ជាងគេនៅក្នុងពិភពលោក។ ជប៉ុនរឹតបន្តឹងខ្លាំងក្រឹតក្រមនៅក្នុងវិស័យ សំណង់ ដូចជាអគារផ្ទះសម្បែងត្រូវសង់យ៉ាងណា ដើម្បីអាចធន់នឹងការរង្គើរញ្ជួយដី ចំណែកប្រជាជនគ្រប់វ័យត្រូវហាត់សមជាអចិន្ត្រៃយ៍ ដើម្បីត្រៀមលក្ខណៈនៅពេលមានគ្រោះរញ្ជួយដីកើតឡើង។ ប្រទេសប្រជុំកោះដែលមានប្រជាជនប្រហែល ១២៥លាននាក់នេះ បានជួបប្រទះគ្រោះរញ្ជួយដីរហូតដល់ ១,៥០០លើកជារៀងរាល់ឆ្នាំ ដែលស្មើនឹងចំនួន ១៨ភាគរយនៃគ្រោះរញ្ជួយដីរបស់ពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner