ការសិក្សាបង្ហាញថា ប្រជាជនឥណ្ឌូនេស៊ី បរិភោគមីក្រូប្លាស្ទិកច្រើនបំផុត

ហ្សាការតា៖ មីក្រូប្លាស្ទិកមាននៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងអាហាររបស់យើងផងដែរ។ ការសិក្សាថ្មីមួយបានបង្ហាញពីប្រទេសក្នុងពិភពលោក ដែលមានមនុស្សប្រើប្រាស់មីក្រូប្លាស្ទិកច្រើនជាងគេ ហើយឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់កំពូល។

យោងតាមលទ្ធផលនៃការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាជនឥណ្ឌូនេស៊ីទទួលទានមីក្រូប្លាស្ទិកប្រហែល ១៥ក្រាមក្នុងមួយខែ។ រីឯប៉ារ៉ាហ្គាយ គឺជាប្រទេសមានមនុស្សទទួលទានមីក្រូប្លាស្ទិកតិចបំផុតត្រឹម ០.៨៥ក្រាមក្នុងមួយខែ។

ភាគល្អិតប្លាស្ទិកទាំងនោះ ភាគច្រើនមានប្រភពចេញពីទឹក ដូចជាអាហារសមុទ្រជាដើម។ នៅចន្លោះឆ្នាំ ១៩៩០ និង ២០១៨ ការប្រើប្រាស់ប្រចាំថ្ងៃនៃមីក្រូប្លាស្ទិក បានកើនឡើង ៥៩ដងជាមធ្យមនៅទូទាំងពិភពលោក។

ការសិក្សានេះធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក ដែលបានស្រាវជ្រាវពីការស្រូបយកមីក្រូប្លាស្ទីករបស់មនុស្ស។ ការសិក្សារបស់ពួកគេបានគ្របដណ្តប់ប្រទេសចំនួន ១០៩ ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៨ ហើយបានផ្តោតលើឆ្នេរសមុទ្រសំខាន់ៗរបស់ពិភពលោក ដែលរងផលប៉ះពាល់ដោយសារការបំពុលប្លាស្ទិក។

យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ការកាត់បន្ថយ ៩០ភាគរយ នៃកំទេចកំទីផ្លាស្ទិចក្នុងទឹក អាចនាំឱ្យមានការថយចុះខ្លាំង នៃការប៉ះពាល់នឹងមីក្រូប្លាស្ទីក រហូតដល់ ៥១ភាគរយនៅក្នុងប្រទេសអភិវឌ្ឍន៍ និង ៤៩ភាគរយនៅក្នុងតំបន់ឧស្សាហកម្មធំៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner