មនុស្សជាង ១០០លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងទូទាំងពិភពលោក ដោយសារអំពើហិង្សា និងជម្លោះ

វ៉ាស៊ីនតោន៖ ចំនួនជនភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារតែសង្គ្រាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៤លាននាក់ ហើយកំពុងកើនឡើងថែមទៀត ពីព្រោះប្រទេសនានាមិនបានដោះស្រាយមូលហេតុ ហើយអ្នកប្រយុទ្ធមិនព្រមអនុវត្តតាមច្បាប់អន្តរជាតិ។

ប្រមុខជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាសេនាធិការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ប៉ុន្តែអសមត្ថភាពក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីពន្លត់ភ្លើងជម្លោះដែលឆាបឆេះក្នុងប្រទេសមួយចំនួន ដូចជាតំបន់ហ្គាហ្សា អ៊ុយក្រែន និងស៊ូដង់ រហូតដល់កុងហ្គោ មីយ៉ាន់ម៉ា និងកន្លែងជាច្រើនទៀត។

លោក Grandi បាននិយាយថា ការមិនអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិមានន័យថា ភាគីជម្លោះស្ទើរតែទាំងអស់នៃពួកគេ បានឈប់គោរពច្បាប់នៃសង្គ្រាមតទៅទៀតហើយ។ លោក Grandi បានសង្កត់ធ្ងន់ថា លទ្ធផលនៃជម្លោះ គឺការស្លាប់ជនស៊ីវិលកាន់តែច្រើន, អំពើហិង្សាផ្លូវភេទត្រូវបានប្រើប្រាស់ជាអាវុធនៃសង្រ្គាម, មន្ទីរពេទ្យ, សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតបានរងការវាយប្រហារ ឬត្រូវបំផ្លាញ ហើយបុគ្គលិកមនុស្សធម៌ក្លាយជាគោលដៅ។

ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនបានប្រាប់ក្រុមប្រឹក្សាថា វាយឺតពេលហើយសម្រាប់មនុស្សរាប់ម៉ឺននាក់ដែលត្រូវបានសម្លាប់នៅហ្គាហ្សា អ៊ុយក្រែន ស៊ូដង់ និងជម្លោះផ្សេងទៀត។
ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរូបនេះ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វាមិនទាន់យឺតពេលទេ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់អ្នកទៅលើវិបត្តិ និងជម្លោះដែលនៅតែមិនអាចដោះស្រាយបាន ដើម្បីកុំឱ្យវាផ្ទុះឡើងម្តងទៀត។

ហើយវាក៏មិនទាន់យឺតពេលដែរ ក្នុងការបង្កើនជំនួយជួយដល់មនុស្សរាប់លាននាក់ ដែលត្រូវបានភៀសខ្លួនដោយបង្ខំ ដើម្បីឱ្យពួកគេវិលត្រឡប់ទៅផ្ទះវិញដោយស្ម័គ្រចិត្ត សុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។ ហើយវាក៏មិនទាន់យឺតពេលដែរ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សរាប់លាននាក់ពីគ្រោះមហន្តរាយនៃសង្គ្រាម៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner