តន្ត្រីកម្រិតពិភពលោក នៅកម្ពុជា អាចនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៥

ភ្នំពេញ៖ មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះ វត្តមានលោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគុំតន្រ្តីកម្រិតពិភពលោក ដែលមានសញ្ជាតិអ៊ីតាលី ក្រោយមកដល់កម្ពុជា នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដំណើរការចរចា ការប្រគំតន្ត្រីនៅកម្ពុជាលំដាប់ពិភពលោក ជាលើកដំបូង នៅឆ្នាំ២០២៥។

កម្ពុជាបានបើកច្រកទ្វារពិភពលោក កាន់តែធំ ទទួលស្វាគមន៍ គ្រប់ប្រទេសទាំងអស់ ដែលចង់សហការ ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំបើម ស្របពេលកម្ពុជាមានសន្តិភាព តួយ៉ាងដូចជាតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ដែលធ្លាប់សម្តែងនៅសឹង្ហបូរី ជាដើមអាចរំពឹងថា នឹងមកកម្ពុជា។ តារាកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ខ្លួន។

ឯកឧត្តម រ័ត្ន សណ្តាប់ អ្នកជំនាញអរិយ្យធម៌ខ្មែរលើកឡើងថា ប្រសិនបើព្រឹត្តិការណ៍ដ៏ធំនេះកើតឡើងមែន កម្ពុជានឹងចំណេញ ៣ ដោយទី១ នឹងលើកកម្ពស់ម្លប់សន្តិភាពនៅកម្ពុជា សូម្បីតែតារាកម្រិតពិភពលោក ក៏នឹងហ៊ានមកកម្ពុជាសម្តែងដោយមិនបារម្មណ៍ ជាក់ស្តែងថ្មីៗនេះ តារាប្រដាល់កម្រិតពិភពលោក Manny Pacquiao សញ្ជាតិ ហ្វីលីពីន ក៏បានជ្រើសរើសកម្ពុជាមកទស្សនាតំបន់ទេសចរណ៍ប្រវត្តិខ្មែរដែរ។ ទី២ ទេសចរណ៍នៅកម្ពុជា នឹងបង្ហាញពិភពលោកអោយឃើញថា កម្ពុជាតូចពិត តែសុវត្ថិភាពខ្ពស់  និងទី៣ផ្តល់ យុវជនខ្មែរជាច្រើន រាប់ទាំងអ្នករៀបចំកម្មវិធីផងដែរនោះ នឹងទទួលបានបទពិសោធន៍ល្អៗ ក្នុងការប្រគំតន្ត្រីថ្នាក់ពិភពលោក។

បើតាមឯកឧត្តម រ័ត្ន សណ្តាប់ ដដែល៖ «ខ្ញុំសង្ឃឹមថា ដំណើរការចរចានឹងជោគជ័យ ហើយប្រជាពលរដ្ឋខ្មែរ នឹងបានឃើញស្នាមញញឹមរបស់លោក Andrea Bocelli ដោយផ្ទាល់ ខណៈលោកក៏នឹងឃើញស្នាមញញឹមប្រជាជនខ្មែរ ដោយផ្ទាល់ផងដែរ»។ ក្រុមការងាររបស់លោក Andrea Bocelli គ្រោងនឹងចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៣ និងទី៤ មុននឹងចាកចេញទៅវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

លោក Andrea Bocelli កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ នៅជិតក្រុងភីសា (Pisa) ប្រទេសអ៊ីតាលី។ គាត់មានឈ្មោះបោះសំឡេង ដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)។

កាលពីក្មេង លោក Andrea Bocelli មានជំងឺដក់ទឹក្នុងភ្នែកពីកំណើត។ គាត់បានចាប់ផ្តើមរៀនព្យាណូ នៅអាយុ ៦ឆ្នាំ ហើយក្រោយមកលេងខ្លុយ និង Saxophone ។ នៅអាយុ ១២ឆ្នាំ គាត់បានពិការភ្នែកទាំងស្រុង បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារលេងបាល់ទាត់។

ទោះបីជាពិការភ្នែក លោក Andrea Bocelli បានសិក្សាច្បាប់នៅសាកលវិទ្យាល័យភីសា (University of Pisa) ខណៈកំពុងច្រៀងនៅបារព្យាណូ និងក្លឹបកម្សាន្តរាត្រី ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានធ្វើជាមេធាវី តែងតាំងដោយរដ្ឋអស់រយៈពេល ១ឆ្នាំ មុននឹងសម្រេចចិត្តប្រកបអាជីពតន្ត្រី និងសិក្សាសំឡេងជាមួយលោក Franco Corelli ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner