អភិបាលរងខេត្តព្រះសីហនុ កោតសសើរដល់ក្លឹបកីឡាវាយសី TR HOPE បង្កើតព្រឹត្តិការណ៍ប្រកួតវាយសី ដែលជាចលនាចូលរួមធ្វើឱ្យវិស័យកីឡាក្នុងខេត្តរីកចំរើន

អត្ថបទដោយ៖
ជឹម ភារ៉ា

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងការកោតសសើរចំពោះក្លឹបកីឡាវាយសីTR HOPE ដែលបានរួមចំណែក បង្កើតនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ ផ្តល់ឱ្យកីឡាករកីឡាការិនីវ័យក្មេង វ័យកណ្តាលនិងកីឡាករកីឡាការិនីវ័យចំណាស់បានប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាព និងទទួលបានសុខភាព ពិសេស គឺ បានចូលរួមចលនាលើកកម្ពស់វិស័យកីឡាវាយសីនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចំរើន ឆ្លើយតបទៅនិងទិសដៅរាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ។

ការថ្លែងកោតសសើររបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក TR HOPE ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តម អភិបាលរង បានគូសបញ្ជាក់ថា វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម និងមានការីកចំរើនគួកត់សម្គាល់ ក្នុងនោះក៏មានប្រភេទកីឡាវាយសីផងដែរ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ហើយក្នុងនោះ កីឡាវាយសី ក៏ទទួលបាននូវសមិទ្ធផលនិងស្នាដៃជាច្រើនដូចជាមេដាយមាសស៊ីហ្គេម និងជើងឯកកម្រិតអាស៊ីអាគ្នេយ៍ផងដែរ។ តំណាងឱ្យថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមលើកទឹកចិត្តឱ្យក្លឹប បន្តបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើនបន្ថែមទៀត ដើម្បីចំរាញ់បាននូវធនធានកីឡាករកីឡាការិនីល្អៗត្រៀមប្រកួតតំណាងខេត្តសម្រាប់ការប្រកួតថ្នាក់ជាតិដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធកីឡាវាយសី។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានប្រកាសថា ឆ្នាំ២០២៦ ខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាវាយសីអបអរសារទរខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧មករាផងដែរ។ដូច្នោះសូមកីឡាករកីឡាការិនីក្មេងៗ វ័យកណ្តាល និងកីឡាករកីឡាការិនីវ័យចំណាស់ខិតខំដុះខាតសមត្ថភាពឱ្យបានខ្លាំងក្លាប្រកួតដណ្តើមយកជ័យជម្នះជូនខេត្ត ខណៈដែលការប្រកួតនេះ មានកីឡាករកីឡាការិនីមកពីបណ្តាខេត្តជាច្រើនមកចូលរួមប្រកួតប្រជែង។

លោក ថោង វី រ៉ូ ប្រធានក្លឹបកីឡាវាយសី TR HOPE បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក TR HOPE ឆ្នាំ២០២៤នេះ មានក្លឹបចូលរួមមកពីបណ្តាខេត្តផ្សេងសរុបចំនួន១២ និងក្រុមកីឡាវាយសីអន្តរជាតិចំនួន២ក្រុម គឺមកពីប្រទេសថៃ និងឥណ្តូនេស៊ី ដែលការប្រកួតមានរយៈពេល២ថ្ងៃ ដំណើរការប្រកួតពីថ្ងៃទី១និងបញ្ចប់នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្កើតនូវមិត្តភាពសាមគ្គីភាព ផ្តល់ឱកាសឱ្យក្មេងៗនិងយុវជនបានពង្រឹងអភិវឌ្ឍន៍សមត្ថភាព ពិសេស ផ្សព្វផ្សាយកីឡាវាយសី និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តដល់ភ្ញៀវជាតិនិងអន្តរជាតិ។

ឆ្លងកាត់ការប្រកួតអស់រយៈពេល២ថ្ងៃជាលទ្ធផល៨វិញ្ញសាចំណាត់លេខ១ វិញ្ញាសាវាយទោលបុរសអាយុក្រោម៩ឆ្នាំ បានទៅលើកុមារ គីម ហុក ក្លឹបTR HOPE។ វិញ្ញាសាវាយទោលបុរសក្រោមអាយុ១៣ឆ្នាំ លេខ១បានទៅលើ កីឡាករ Naruechaមកពីប្រទេសថៃ ។ វិញ្ញសាវាយទោលបុរសក្រោមអាយុ១៨ឆ្នាំ លេខ១បានទៅលើ កីឡាករ ហាក់ ម៉ានិត ពីក្លឹបវាយសី៨៨។វិញ្ញាសា វាយគូបុរសនារី លេខ១ បានទៅលើ កីឡាករកីឡាការិនីមកពីប្រទេសថៃ Karnphop និងWanida។វិញ្ញាសា វាយគូបុរសអាយុ៥០ឆ្នាំឡើង លេខ១ បានទៅលើ កីឡាករមកពីប្រទេសថៃ Teerachaiនិង Kichanant ។

វិញ្ញាសាវាយគូនារី លេខ១ បានទៅលើកីឡាការិនី អ៊ុង វល្ល៍ទេវីនិងប៊ុន ស្រីហុងមកពីក្លឹបប៉ោយប៉ែត។វិញ្ញាសាវាយគូបុរសកម្រិតមធ្យម លេខ១ បានទៅលើកីឡាករ មកពីឥណ្តូនេស៊ី ARVIN VARMAនិង SOVANDARIRITHY ។ វិញ្ញាសាវាយគូបុរសកម្រិតខ្ពស់លេខ១ បានទៅលើ កីឡាករ សុខរីករាយ និងកីឡាករយ៉ាំង សំណាង មកពីក្លឹប UNIQUE CLUB ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner