ស្ពានព្រៃក្រាំង ឃុំជ្រៃបាក់លេចចេញជារូបរាង ខណៈត្រូវការ​ថវិកាបន្ថែមដើម្បីបញ្ចប់

កំពង់ឆ្នាំង៖ការសាងសង់ស្ពានព្រៃក្រាំង ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃ​បាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០២៤សម្រេចកសាងបានប្រមាណ៧០ភាគរយ។ជា​ស្ពានដែលសាងសង់ឡើងដោយការជួយឧបត្ថម្ភពីក្រុមការងារគ្រប់ថ្នាក់,អាជ្ញាធរមូលដ្ឋាននិងសប្បុរសជនជិតឆ្ងាយ។ខណៈនេះ​អាជ្ញាធរមូលដ្ឋានអំពាវនាវដល់ស្បុរជនសូមមេត្តាជួយជាថវិកាបន្តទៀត។

លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានប្រាប់ថា ស្ពានព្រៃក្រាំង​គិតត្រឹមថ្ងៃទី២ ខែមិថុនាបានឈានដល់ការចាក់ធ្នឹមស្ពាន ។លោកមេឃុំបញ្ជាក់ដូច្នេះក្នុងឱកាសទទួលថវិកាឧបត្ថម្ភបន្ថែមរបស់ឯកឧត្តម សឹង សំណាង អគ្គមេបញ្ជាការរងកងយោធ​ពល​ខេមរភូមិន្ទ  និងជាមេបញ្ជាការទ័ពអាកាស ។

ស្ពានព្រៃក្រាំងនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ ឃុំរលាប្អៀរ ស្រុករលាប្អៀរឬប្រជាពលរដ្ឋមកពីទី កន្លែង​ដទៃតែងតែធ្វើដំណើរក៏ដូចជាដឹកកសិផលផ្សេងៗ។តែជា​អកុសល​ដោយសារស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម
ផង បានត្រូវទឹកជំនន់កាលពីរដូវវស្សាកន្លងទៅហូរបុក​បណ្ដាល​ឱ្យបាក់ដាច់។ អវត្តមានស្ពានព្រៃក្រាំងក៏ដូចជាការផ្តាច់ផ្លូវធ្វើ
ដំណើរ,ផ្លូវដឹកជញ្ជូនដូច្នោះដែរ។

ក្រោយពេលដាច់ស្ពាន លោក សំ សំណាង មេភូមិបាញ់ឆ្គោល ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមូលមតិគ្នាប្រមូល ថវិកា​តាមរយៈធ្វើបុណ្យផ្កាសាមគ្គី និងសប្បុរសជននានាជួយផង​បានកសាងស្ពាននេះឡើងវិញជាបន្តបន្ទាប់។ម្តងមួយ ដំណាក់​កាលៗ រហូតមកដល់ពេលនេះឈានដល់ការចាក់ធ្នឹម។ការងារ​នៅសល់ គឺនៅចាក់ប្លង់សេស្ពានមួយសន្លឹក និងបង្កាន់ដៃស្ពាន​តែប៉ុណ្ណោះ ។ដោយឡែកផ្លូវធ្វើដំណើរចេញពីភូមិបាញ់ឆ្គោល មកកាន់គល់ស្ពាន ព្រៃក្រាំងមានប្រវែង ២៦៤ម៉ែត្រ រួមនិងលូ​ប្រអប់មួយផងបានកសាងដោយថវិកាបដិភាគឃុំជ្រៃបាក់ចំនួនជាង ៥០ លានរៀល។

លោកមេភូមិបាញ់ឆ្គោលបានប្រាប់ថា ធ្នឹមដែលកំពុងចាក់​ថ្ងៃនេះ​មានតម្លៃសរុប១៤,៣ លានរៀល ។ក្នុងនោះមានថ្លៃជាង ៧ ,៥លានរៀល,ថ្លៃដែក ៣,២លានរៀលនិងថ្លៃបេ​តុង២,៨​លានរៀល។ ប៉ុន្តែថវិកាដែលប្រមូលសម្រាប់យកមកចាក់​ធ្នឹម​ព្រឹកនេះ មានតែជាង ៥លានរៀលប៉ុណ្ណោះនៅខ្វះប៉ុន្មាន​ជំពាក់​ថ្លៃជាងបណ្ដោះអាសន្នសិន នឹងរៃអង្គាសសប្បុរសជន​ជាបន្ត​ទៀត។

ក្នុងនាមលោកជាអាជ្ញាធរភូមិបាញ់ឆ្គោល ក៏ដូចជាប្រជាពលរដ្ឋ​ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុសជន ដែលបានជួយឧបត្ថម្ភកន្លងមកនិងសូមអំពាវនាវបន្តដល់ប្រជាពលរដ្ឋ,សប្បុរសជននិងក្រុមការងារទាំងអស់សូមមេត្តាចូលរួមចំណែកកសាងស្ពាននេះឱ្យបានរួចរាល់៕


ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner