កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅទីក្រុងសៀមរាប

អត្ថបទដោយ៖
ឈឹម សុផល

(សៀមរាប)៖ កម្ពុជា បានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ អនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបើកកិច្ចប្រជុំលើកទី៦០ របស់ខ្លួន ដោយមានការអញ្ញើញចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសទីម័រខាងកើត និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងភាពជឿនលឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់។

ឯកឧត្តម កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុត្តន៍ បានលើកឡើងថា៖ យើងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំទាំងនេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) ព្រមទាំងពិភាក្សាដើម្បីរៀបចំផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ (APASTI 2026-2០35)។

ផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាន។ ផែនការនេះបង្ហាញនូវសកម្មភាពអាទិភាព ដូចជាការបង្កើនសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍, ការកែលម្អការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, និងការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជនជាដើម។ គោលដៅចុងក្រោយនៃផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់។

គម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានដូចជាអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាផងដែរ។ លើសពីនេះ របាយការណ៍ពីស្ថាប័នបុត្រសម្ព័ន្ធ និងបណ្តាញផ្សេងៗ ដូចជាក្រុមអ្នកជំនាញផ្នែកមាត្រាសាស្ត្រ បណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន និងបណ្តាញអាស៊ានស្តីពីសេដ្ឋកិច្ចបៃតងវិលជុំ ក៏ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner