អភិបាលខេត្តពោធិ៍សាត់ប្រាប់ប្រជានេសាទពីរដូវបិទនេសាទ
ពោធិ៍សាត់៖ដោយមានការចូលរួមពីប្រជានេសាទ មកពីខេត្តកំពង់ធំ សៀមរាបនិងខេត្តពោធិ៍សាត់ជាច្រើននាក់ព្រមទាំង មន្រ្តីជលផល បរិស្ថាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លើផែបណ្ដែតទឹកក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ខួយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្រកាសពីរដូវបិទនេសាទដែល
ចាប់អនុវត្តពីថ្ងៃនេះទៅ។
សូមជម្រាបថា រដ្ឋបាលជលផលបានសម្រេចបិទនេសាទតាមតំបន់ទឹកសាបនានានៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤។ក្នុងអំឡុងពេលបិទនេសាទនេះអនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបែបគ្រួសារប៉ុណ្ណោះ។ការបិទនេសាទនេះ នៅដែននេសាទទឹកសាបរួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ដោយឡែកផ្នែកខាងត្បូងខ្សែស្របនៃទន្លេចតុមុខនិង ខេត្តមួយចំនួនទៀតដូចជា ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ នឹងចាប់បិទនេសាទពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។

រដ្ឋបាលជលផលបានបញ្ជាក់ថាក្នុងរដូវបិទនេសាទនេះប្រជានេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលមានចែងក្នុងប្រកាសលេខ ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។
ឯកឧត្តម ខូយ រីដា បានប្រាប់ទៅប្រជានេសាទទាំងអស់ថាត្រូវចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នា។ច្បាប់នេះមាននិរន្តរ ភាព សម្រាប់ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រកបរបរនេសាទ។ក្នុងនាមអាជ្ញាធរខេត្ត លោកសូមអំពាវនាវឱ្យផ្អាកទាំងអស់គ្នា ជៀសវាងទៅប្រព្រឹត្តបទល្មើសខុសនឹងច្បាប់ និងបម្រាប។ សូមប្រកបរបរនេសាទដោយប្រើប្រាស់់ឧបករណ៍ដែលច្បាប់អនុញ្ញាតឱ្យប្រើក្នុងរដូវបិទនេសាទនេះ៕



ដោយ៖ចេងពុំ