រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើតួកគីឱ្យមើលមកប្រទេសកម្ពុជាជាផ្នែកមួយនៃទីផ្សារដ៏ទូលំទូលាយនៃតំបន់អាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើភាគីតួកគីឱ្យមើលមកប្រទេសកម្ពុជាជាផ្នែកមួយនៃទីផ្សារដ៏ទូលំទូលាយនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង៦៥០លាននាក់ តភ្ជាប់ដោយបណ្តាញកិច្ចព្រម ព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគី រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និង ជាមួយសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ដែលជាទស្សនកិច្ចលើកទី១ នៅក្រៅតំបន់អាស៊ី។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Hakan FIDAN រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ហើយបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត Numan KURTULMUŞ ប្រធានសភាតួកគី និងឯកឧត្តម Cevdet YILMAZ អនុប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។

ឯកឧត្តមក៏បានជួបជាមួយឥស្សរជនមួយចំនួនទៀតរួមមាន ឯកឧត្តមបណ្ឌិត Ömer BOLAT រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម Fahrettin ALTUN ប្រធានផ្នែកទំនាក់ទំនងនៃ ការិយាល័យប្រធានាធិបតីតួកគី ឯកឧត្តម Zafer SIRAKAYA ប្រធានកិច្ចការបរទេសនៃគណបក្ស យុត្តិធម៌ និងអភិវឌ្ឍន៍តួកគី និងឯកឧត្តម Serkan KAYALAR ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និង អភិវឌ្ឍន៍តួកគី (TIKA)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធបិតាស្ថាបនិកតួកគី នៅមហាចេតិយ Attatürk ផងដែរ។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់គណៈប្រតិភូកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅទីក្រុងស៊ីស្តាន់ប៊ុល និងរដ្ឋធានីអង់ការ៉ា ក្នុងឱកាស នៃការរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-តួកគី។ បានជម្រាបជូនពលក្រកម្ពុជា ម្ចាស់ផ្ទះអំពីគោលបំណងរំលេចទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី ពង្រឹងចំណងទាក់ទង ទ្វេភាគី បំភ្លឺតាការណ៍ស៊ុន និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ទស្សនកិច្ចនេះក៏មានគោលបំណងអនុវត្តនូវអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេស គោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់១ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះជំនួយរបស់តួកគីលើការបណ្តុះបណ្តាលធនធានមនុស្ស ការថែទាំសុខភាព និងការ អភិវឌ្ឍន៍ជនបទ។

ស្តីពីទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយបានប្តេជ្ញាបន្តជំរុញការប្រាស្រ័យទាក់ទង ឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ភាគីទាំងពីរអបអរ ការរៀបចំដោយជោគជ័យនូវកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំង ពីរក្នុងឆ្នាំនេះ និងទន្ទឹងរង់ចាំកិច្ចពិគ្រោះយោបល់លើកទី៤ នៅកម្ពុជានៅឆ្នាំក្រោយ។

ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការ បង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ភាគីតួកគីនឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីចាប់ ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។ ភាគីទាំងពីរបានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងសម្រាប់ការ វិនិយោគនាពេលអនាគត ក្នុងវិស័យដូចជា កសិឧស្សាហកម្ម អប់រំ ការអភិវឌ្ឍន៍ថាមពលបៃតង និងទេសចរណ៍។

ពាក់ព័ន្ធនិងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរមានទស្សនៈដូចគ្នាថា “គំនិតផ្តួចផ្តើមអាស៊ី ថ្មី” (Asia Anew Initiative) របស់តួកគីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ ដៃគូអាស៊ីមានលក្ខណៈសមស្របជាមួយវិស័យអាទិភាព ក៏ដូចជាសហប្រតិបត្តិការរបស់កម្ពុជាក្នុង ក្របខណ្ឌទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ភាគីទាំងពីរប្តេជ្ញាបន្តបង្រួបបង្រួម និង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក និងបានឯកភាពគ្នាលើ បញ្ហាអន្តរជាតិធំៗ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner